អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់សម្រាប់សម្គាល់សញ្ជាតិខ្មែរ ធានាសិទិ្ធសេរីភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗអាចយកទៅប្រើប្រាស់បានដោយស្របច្បាប់ ធានាផលប្រយោជន៍ប្រជាពលរដ្ឋម្នាក់ៗក្នុងការចូលបំរើការងារផ្សេងៗបានដោយស្របច្បាប់ និងសម្រាប់ចូលរួមចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើសតំណាងរបស់ខ្លួនក្នុងនាមបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋស្របច្បាប់។ ឯកឧត្តមបានមានប្រសាសន៍បែបនេះនៅពេលដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នងពិធីជួបសំណេះសំណាល និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន២.៧៩០នាក់ នាព្រឹកថៃ្ងទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងវត្តត្រពាំងខ្មៅ ស្ថិតនៅក្នុងភូមិពាម ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងរក្សាបានសណ្តាប់ធ្នាប់សង្គមបានល្អគ្រប់ទីកន្លែង ដែលកត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើ
គ្រប់វិស័យ និងបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេសមានភាពរីកចំរើនជាលំដាប់ផងដែរ។ទន្ទឹមនឹងមានការរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ក៏ត្រូវការជាចាំបាច់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិសម្រាប់ប្រើប្រាស់ការងារផ្ទាល់ខ្លួន។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា៖សូមបងប្អូនយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ ដែលមិនអាចខ្វះបាននេះទៅប្រើប្រាស់តាមតំរូវការចុះ តែសូមចេះថែរក្សាឲ្យបានគង់វង្សល្អ កុំឲ្យខូចខាតបាត់បង់ ព្រោះអត្តសញ្ញាណប័ណ្ណថ្មីនេះមានសុពលភាពរហូតដល់១០ឆ្នាំ។ ដោយកុំយកអត្តសញ្ញាណប័ណ្ណនេះទៅឲ្យគេខ្ចីយកទៅថតចម្លងធ្វើការងារខុសច្បាប់ផ្សេងៗដែលនាំឲ្យមានផលលំបាកដល់ខ្លួន ឬដាក់ប្រចាំខ្ចីប្រាក់ពីអង្គការផ្សេងៗ ព្រោះថាការបោះឆ្នោតឃុំ សង្កាត់ជិតមកដល់ហើយ ឯកឧត្តមសង្ឃឹមថា បងប្អូនដែលមានអត្តសញ្ញាណប័ណ្ណនឹងអាចបំពេញកាតព្វកិច្ចជាពលរដ្ឋល្អចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាតំណាងស្របច្បាប់របស់ខ្លួននៅក្នុងថ្ងៃខាងមុខនេះ ដើម្បីការពារផលប្រយោជន៍ និងដើម្បីអភិវឌ្ឍមូលដ្ឋានឲ្យមានជីវភាពប្រសើរឡើង។
អាជ្ញាធរដែនដីបានរាយការណ៍ឲ្យដឹងថា៖ ថ្ងៃនេះប្រជាពលរដ្ឋចំនួន១២ភូមិស្មើនឹង២.៧៩០នាក់ នៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ត្រូវបានទទួលអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួនដោយមិនអាចខ្វះបានឡើយ ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងស្រុកសាមគ្គីមានជ័យ បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះរួចហើយ និងនៅសល់ប្រជាពលរដ្ឋមួយចំនួនតូចទៀត ដែលនិងត្រូវចែកជូនជាបន្តបន្ទាប់។
នៅក្នុងពិធីនេះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានឧបត្ថម្ភថវិកាដល់លោកសមត្ថកិច្ចទាំង៣ប្រភេទ និងស្វ័យការពារ ដោយក្នុងមួយអង្គភាពៗទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ។