ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិ២ក្នុងឃុំអញ្ជាញរូង


ឯកឧត្តម​ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជំរុញ​ឲ្យ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ដែន​ដី​ត្រូវ​បម្រើ​សេវា និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ស្រប​តាម​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលាចៀស​វាង​បង្ក​បញ្ហា​ជា​មួយ​ប្រជាពលរដ្ឋ​។ ត្រូវ​ដោះ​ស្រាយ​ទំនាស់ ធ្វើ​ជា​មន្រ្តី​មិន​ត្រូវ​បង្កើន​ទំនាស់​ជា​មួយ​ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ​ថា​ប្រជាពលរដ្ឋ​គឺ​ជា​ម្ចាស់​របស់​យើង​ទាំង​អស់​គ្នា។ ឯកឧត្តម​បាន​ជំរុញ​បែប​នេះ​នៅ​ពេល​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ភូមិ​អញ្ជាញរូង និង​ភូមិ​ដំរី​កូន ក្នុង​ឃុំ​អញ្ជាញ​រូង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី៩ខែ​កុម្ភះឆ្នាំ២០១៦។
ជាមួយ​គ្នា​នោះ ឯកឧត្តម​អភិបាល​បាន​ជំរុញ​ដល់​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​ជំនាញ​សុរិយោដី និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ធ្វើ​យ៉ាងណា​កុំឲ្យ​ប៉ះពាល់ និង​បាត់​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ហើយ​រាល់​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​មន្ទីរ​ជំនាញ​សុរិយោដី​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ឆាប់​យល់​កុំ​ឲ្យ​យល់​តែ​ម្នាក់​ឯង កត្តា​សំខាន់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន​ដោយ​អស់​ចិត្ត​។
ក្នុង​នោះ​ដែរ ឯកឧត្តម ក៏បាន​លើក​ឡើង​ពី​គោល​នយោបាយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយ​ឯកឧត្តម ក៏​បាន​រំលឹក​ពី​អនុសាសន៍​របស់​សម្តេច​ដែល​កន្លង​មក សម្តេច​តែង​គិត​គូ​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង និងដោះ​ស្រាយ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​ដូចជា​មិន​យក​ពន្ធដី​ស្រែពី​ប្រជាពលរដ្ឋ លប់បំបាត់​ឡូតិ៍​នេសាទ មិន​ឲ្យ​យក​លុយ​តាម​ផ្លូវ​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ​ ម៉ូតូ​ដែល​មាន​កម្លាំង​ក្រោម​១២៥ CC មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ប័ណ្ណ​បើក​បរ​ ដោយ​គ្រាន់​តែ​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​រៀន​ច្បាប់​ចរាចរណ៍ និង​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា មិនឲ្យ​យក​ពន្ធប្រថាប់​ត្រា​ពី​ការ​ផ្ទេរ​មរតក ក្នុង​ក្រុម​គ្រួសារ ជា​ពិសេស​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ​ហ៊ុន សែន បាន​ធានា​សុខ​សន្តិភាព​ទាំង​ក្នុង​ប្រទេស និង​នៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាងផង​ដែរ។
លោក​កែវ សឿង​សោភ័ណ្ឌ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត បានឲ្យ​ដឹង​ថា៖ការ​កំណត់​ព្រំ​ប្រទល់​និង​ការ​វិនិច្ឆ័យ​ភូមិ​អញ្ចាញ​រូង​សរុប​ចំនួន​១.៩១៥​ក្បាល​ដី និង​ការ​ប្រមូល​ទិន្នន័យ​សរុប​ចំនួន​១.៩១៥​ក្បាល​ដី។ ភូមិ​ដំរី​កូន​ការ​កំណត់​ព្រំ​ប្រទល់ និង​ការ​វិនិច្ឆ័យ​បាន​ចំនួន​១.៥៩៧​ក្បាល​ដី និង​ការ​ប្រមូល​ទិន្នន័យ​សរុប​ចំនួន​១.៥៩៧​ក្បាល​ដី។ លោក​បាន​បន្ត​ទៀត​ថា​កិច្ច​ប្រជុំ​នៃ​ការ​បិទ​ផ្សាយ​នេះ​គឺ​ជា​តំណាក់​កាល​ទី៣​នៃ​នីតិ​វិធី​បញ្ចប់​ការងារ​នៅ​វាល​ចំពោះ​រាល់​ឯកសារ និង​ទិន្នន័យ​ក្បាល​ដី​ទាំង​អស់ និង​បញ្ជី​ឈ្មោះ​របស់​ម្ចាស់​ដី​សម្រាប់​ក្បាល​ដី​ក្នុង​តំបន់​វិនិច្ឆ័យ​ដើម្បី​ធ្វើការ​បញ្ជាក់​ភាព​ត្រឹម​ត្រូវ និង​ខុស​ឆ្គង​ដែល​ត្រូវ​កែ​តម្រូវ​ក្នុង​រយៈពេល​៣០​ថៃ្ង និង​មន្រ្តី​ជំនាញ​ និង​រង់ចាំ​ពន្យល់​បក​ស្រាយ​នូវ​ចម្ងល់​ផ្សេងៗ​លើ​ឯកសារ​ដែល​បាន​បិទ​ផ្សាយ​នេះ​ក្នុង​ករណី​មាន​បណ្តឹង​តវ៉ា​មន្រ្តី​ជំនាញ និង​រង់​ចាំ​ទទួល​ព័ត៌មាន​ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​ដោះ​ស្រាយ​តាម​ច្បាប់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ទទួល​យក​បាន​ដោយ​អស់​ចិត្ត​។ លោក​ក៏​បាន​អំពាវ​នាវ​ដល់​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន​ព្រម​ទាំង​ប្រជាពលរដ្ឋ​ទាំង​អស់ និង​ចូល​រួម​ធ្វើ​ការ​ពិនិត្យ​និង​មាន​សិទ្ធិ​ជំទាស់​តវ៉ា​ពី​ព័ត៌មាន​ក្បាល​ដី​ទាំង​ឡាយ​ណា​ដែល​មិន​ត្រឹម​ត្រូវ​ប្រកប​ដោយ​តម្លាភាព​និង​ប្រសិទ្ធភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​តាម​ផ្លូវ​ច្បាប់​៕

១

២

៣

៤

៥