នៅព្រឹកថ្ងៃទី០៥ ខែកុម្ភ ឆ្នាំ២០១៦ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបើកយុទ្ធនាការចុះបាញ់ថ្នាំជីវសុវត្ថិភាពដើម្បីទប់ស្កាត់ជម្ងឺបក្សី ដែលអាចឆ្លងពីបក្សីមកមនុស្ស ហើយការបាញ់ថ្នាំនេះបានធ្វើឡើងនៅក្នុងទីសត្តឃាតក្រុង តាមផ្សារលើ ផ្សារក្រោម និងនៅកណ្តាលទីក្នុងស្រុកកំពង់ត្រឡាច។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាអ្នកដឹកនាំយុទ្ធការខាងលើនោះបានឲ្យដឹងថា៖
អនុវត្តតាមតួនាទីភារកិច្ច និងការណែនាំរបស់ក្រសួងកសិកម្ម ជារៀងរាល់២ខែម្តងមន្ត្រីបសុព្យាបាលខេត្តតែងចុះបាញ់ថ្នាំជីវសុវត្ថិភាពចល័ត នៅតាមទីសត្តឃាត និងកន្លែងចិញ្ចឹមមាន់ ទា ក្រុង ស្រុកជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ជម្ងឺបក្សី។
ដោយឡែកនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ មន្ត្រីបសុពេទ្យខេត្តមួយក្រុមមានគ្នាជាង១០នាក់បានចុះយុទ្ធនាការបាញ់ថ្នាំជីវសុវត្ថិភាពតាមទីកន្លែងមួយចំនួនមាន ទីសត្តឃាតក្រុងកំពង់ឆ្នាំង តាមកន្លែងលក់មាន់ ទា លើចញ្ចើមផ្លូវក្នុងក្រុង តាមចញ្ចើមផ្លូវផ្សារក្រោម និងតាមកន្លែងលក់ដូរស៊ុតមាន់ ទាក្នុងផ្សារក្រោម និងផ្សារលើ។ នៅតាមកន្លែងលក់ដូរមាន់ ទាខាងលើនេះមន្រ្តីបសុពេទ្យខេត្ត ក៏បានចែកស្រោមដៃ និងម៉ាស់ការពារដល់បងប្អូនអជីវករលក់ដូរទាំងអស់ផងដែរ ដើម្បីបង្ការទប់ស្កាត់ជម្ងឺបក្សីពីសត្វមាន់ ទាដល់មនុស្ស។
លោក ក្រឹង សំអាត បានបញ្ជាក់ឲ្យដឹងទៀតថា៖ការពាក់ស្រោមដៃ និងម៉ាស់បិទមាត់លក់ដូរមាន់ ទា គឺពិតជាអាចទប់ស្កាត់
ការរាលដាលជម្ងឺពីបក្សីមកមនុស្សបានយ៉ាងមានប្រសិទ្ធភាព។ ដោយឡែកការបាញ់ថ្នាំជីវសុវត្ថិភាពតាមទីតាំងខាងលើគឺអាចសំលាប់មេរោគដែលឆ្លងពីបក្សីទៅបក្សីមួយទៀតបាន ជាពិសេសក៍អាចការពារសុខភាពសត្វសំរាប់ជាចំណីអាហាររបស់មនុស្សផងដែរ។
ចំណែកនៅឯកណ្តាលទីស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ភ្នាក់ងារបសុពេទ្យខេត្ត ក៍បានធ្វើការចុះបាញ់ថ្នាំជីវសុវត្ថិភាពដល់រថយន្តដឹកសត្វឆ្លងកាត់ខេត្តផងដែរ ដើម្បីសំលាប់មេរោគតាមការដឹកជញ្ជូនសត្វពីជនបទចូលទីក្រុង ដែលនៅមុនពេលចូលឆ្នាំចិនយើងនេះគេពិនិត្យឃើញបងប្អូនប្រជាពលរដ្ឋយើងបានសម្រុកដឹកសត្វមាន់ ទា ជ្រូកជាច្រើនចូល
ក្នុងទីក្រុងភ្នំពេញ។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក៏សូមសំណូមពរផងដែរ ដល់អាជីវករពិឃាតសត្វ និងលក់សាច់សត្វគ្រប់ប្រភេទចូលរួមសហការណ៍ធ្វើអនាម័យវិចខ្ចប់ និងលក់ដូរសាច់សត្វឲ្យមានអនាម័យល្អ ដើម្បីសុខភាពប្រជាពលរដ្ឋ។ បើនៅកន្លែងណាមានសត្វមាន់ ទា ជ្រូកឈឺ ត្រូវរាយការណ៍ជាបន្ទាន់មកការិយាល័យបសុពេទ្យខេត្ត ដើម្បីមន្រ្តីជំនាញចុះបាញ់ថ្នាំទប់ស្កាត់ជម្ងឺសត្វឲ្យបានទាន់ពេលវេលា៕