ប្រជាពលរដ្ឋជាង១០០គ្រួសារក្នុងឃុំ៤បានទទួលការបង្រៀនបច្ចេកទេសចិញ្ចឹមកង្កែបលើកស្ទួយសេដ្ឋកិច្ចគ្រួសារ


កំពង់ឆ្នាំង៖ នៅក្នុងប្រទេសកម្ពុជាដោយសារមានកំណើនប្រជាជន
កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ រួមផ្សំទាំងមានការអភិវឌ្ឍ
ហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើ
អោយធនធានជលផលជាតិមានការថយចុះជាលំដាប់។ នៅក្នុង
ធនធានជលផលទាំងនោះ ក៍មានសត្វកង្កែបមួយផងដែរ ដែលជា
វារីសត្វអាចរស់នៅលើគោក និងក្នុងទឹកបាន វាក៏ជាអាហារមួយដ៍
សំខាន់សំរាប់ប្រជាពលរដ្ឋយើងដែរ។ ដោយមានការយកចិត្តទុកដាក់
ពីសំណាក់រដ្ឋបាលជលផល ប្រជាពលរដ្ឋនៅក្នុងឃុំ៤ របស់ស្រុករលាប្អៀរ
និងស្រុកសាមគ្គីមានជ័យ ប្រមាណជាង១០០គ្រួសារ បានទទួល
នូវការបង្រៀនអំពីបច្ចេកទេសចិញ្ចឹមកង្កែបពីនាយកដ្ឋានវារីវប្បកម្មនៃ
រដ្ឋបាលជលផល ដើម្បីលើកស្ទួយជីវភាពដល់ប្រជាកសិករយើងអោយ
គាត់ចេះចិញ្ចឹមកង្កែប ព្រោះវាគឺជាមុខរបរមួយដ៍សំខាន់នៅក្នុងជីវភាពរស់
នៅប្រចាំថ្ងៃនៅតាមជនបទ។

លោក តាន់ ម៉ូលី គ្រូបង្គោលក្នុងការបង្រៀនអំពីបច្ចេកទេសចិញ្ចឹមកង្កែប នៃនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផលនៅរសៀលថ្ងៃទី១២ ខែកញ្ញា
ឆ្នាំ២០១៦នេះបានអោយដឹងថា៖ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ ប្រជាពលរដ្ឋ
ជាង១០០គ្រួសារ នៅក្នុងឃុំពង្រ ឃុំស្វាយជ្រុំ នៃស្រុករលាប្អៀរ និងឃុំសេដ្ឋី ឃុំ
ក្រាំងល្វា នៃស្រុកសាមគ្គីមានជ័យ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស
ចិញ្ជឹមកង្កែបជាលក្ខណៈគ្រួសារ ព្រោះមុខរបរចិញ្ចឹមកង្កែបអាចជួយកាត់បន្ថយ
ភាពក្រីក្រនៅក្នុងសហគមន៍ និងនៅក្នុងគ្រួសារពួកគាត់បាន។

លោកបានបន្តថា ការចិញ្ចឹមកង្កែបមានសារៈប្រយោជន៍ដូចជា អាចបង្កើត និងបង្កើនមុខរបរចិញ្ចឹមជីវិតដល់កសិករនៅតាមជនបទ, សាច់កង្កែបផុយមាន
កំរិតប្រូតេអ៊ីនខ្ពស់ និងជួយបង្កើនអាហាររូបត្ថម្ភបន្ថែមដល់មនុស្ស, ការចិញ្ចឹមកង្កែប
តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ អាចអោយកង្កែបធំធាត់បានឆាប់រហ័សនិងទទួល
បានទិន្នផលខ្ពស់ ចំណាយដើមទុនតិច ប្រើរយៈពេលចិញ្ចឹមខ្លី និងមានទីផ្សារលក់
កង្កែបល្អ។ ម្យ៉ាងវិញទៀតការចិញ្ចឹមកង្កែប អាចកាត់បន្ថយការចាប់កង្កែបពីធម្មេជាតិ
ដែលវាជាភ្នាក់ងារកំចាត់សត្វល្អិត និងដង្កូវចង្រៃដែលអាចស៊ីបំផ្លាញដំណាំកសិកម្ម
របស់ប្រជាកសិករយើង។

ចំពោះការចិញ្ចឹមវិញ លោកបានអោយដឹងថា៖ ប្រជាកសិករអាចចិញ្ចឹម
កង្កែបបាននៅក្បែរផ្ទះ លើដីទួល ក្រោមដើមឈើ ឬស្រះ និងវាលស្រែដែល
មានទំហំដីតូចល្មម និងមិនត្រូវការទឹកច្រើនឡើយ។ ម្យ៉ាងទៀតគេអាចចិញ្ចឹមវា
ក្នុងអាងតង់ប្លាស្ទីក ឬអាងស៊ីម៉ង់ ដោយប្រើទឹកអណ្តូង ឬទឹកម៉ាស៊ីនបាន។ ការចិញ្ចឹមកង្កែបកង្កែបក្នុងអាងមានលក្ខណៈងាយស្រួលថែរក្សា គ្រប់គ្រង និងប្រើប្រាស់រយៈពេលចិញ្ចឹមតែ២ខែកន្លះទៅ៣ខែយ៉ាងយូរអាចទទួលផល ដោយកង្កែប១ក្បាលមានទម្ងន់ចាប់ពី២ខាំទៅ២,៥ខាំ ហើយក្នុង១ឆ្នាំយើង
អាចចិញ្ចឹមវាបានពី៣ទៅ៤ដងទៅតាមលទ្ធភាពរបស់យើង។

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋ
បាលជលផលបានជំរុញអោយប្រជាពលរដ្ឋនៅតាមទីជនបទព្យាយាមចាប់
យកមុខរបរចិញ្ចឹមកង្កែបនេះ ព្រោះថាកង្កែបមានទីផ្សារល្អ ទាំងនៅតាមភោជនីយ
ដ្ឋាននានា និងតាមបណ្តាទីផ្សារទាំងអស់ ហើយការចិញ្ចឹមកង្កែបមិនតំរូវការដីធំ
កម្លាំងពលកម្មច្រើន និងចំនាយដើមទុនច្រើននោះទេ គឺពលរដ្ឋគ្រប់ក្រុមគ្រួសារ
ទាំងអស់ អាចចិញ្ចឹមវាបានដោយងាយ។ ការចិញ្ចឹមកង្កែបក៍ជាមធ្យោបាយមួយ
ជួយទប់ស្កាត់ការបំផ្លាញធនធានជលផលធម្មជាតិ និងជួយបង្កើនជីវភាពនៅក្នុង
គ្រួសារ ព្រោះការចិញ្ចឹមកង្កែបមានការងាយស្រួលជាងការចិញ្ចឹមត្រី និងឆាប់
ទទួលផល។

ឯកឧត្តម អេង ជាសាន បានបន្ថែមថា ប្រសិនបើប្រជាកសិករមាន
តំរូវការចង់ចេះបច្ចេកទេសចិញ្ចឹមកង្កែប គឺនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាល
ជលផល និងចាំជួយបងប្អូនប្រជាកសិករនូវចំណេះដឹងនិងជំនាញក្នុងការ
ចិញ្ចឹមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕vannak

__2__1_