កាលពីព្រឹកថៃ្ងទី៨ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកជំទាវ ឈឹម ស្រីមុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាអគារការិយាល័យចំនួន១ខ្នងរបស់គណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានការចូលរួមពីលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានគណបក្សខេត្តសមាជិក សមាជិកាគណបក្សខេត្តជាច្រើនរូបផងដែរ។
ឯកឧត្តម នន់ យ៉ៅ សមាជិកក្រុមប្រឹក្សាខេត្ត និងជាមន្រ្តីប្រចាំការនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបានបញ្ជាក់ឲ្យដឹងថា៖អគារការិយាល័យដែលត្រូវប្រារព្ធពិធីបញ្ចុះបឋមសិលានៅថៃ្ងនេះមាន១ខ្នងដែលមានទទឹង៨,៦ម៉ែត្រ និងបណ្តោយ២០ម៉ែត្រណ ដែលមានរចនាបថខ្មែរចំណាយថវិកាសរុបចំនួន៤ម៉ឺនដុល្លារអាមេរិក។ឯកឧត្តមបានបន្តទៀតថា៖នេះជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនខេត្តកំពង់ឆ្នាំងដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវដោយបានការចូលរួមពី
សមាជិក សមាជិកាគណបក្សប្រជាជនខេត្ត និងសប្បុរសជននានាផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាន៍ថា៖គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចទាំង៣បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃទី០៧ មករា ១៩៧៩ ចាប់ផ្ដើមកសាងប្រទេសពីបាទដៃទទេស្ថិតក្នុងដំណាក់កាលការពារផង និងកសាងផង។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយឈ្នះៗ បង្រួបបង្រួម ផ្សះផ្សាជាតិឲ្យមានសុខសន្ដិភាព ស្ថិរភាពខាងនយោបាយ និងមានការរីកចម្រើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។