ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស


ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំយុទ្ធនាការបរិច្ចាគឈាម នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមបរិច្ចាគឈាមពីថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងយុវជន ស.ស.យ.ក ខេត្ត យ៉ាងច្រើនកុះករ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅ។
លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ត ខេត្តកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហ៊ី ណាត អភិបាលខេត្តស្ដីទី និង ឯកឧត្តម ហេង ពិទូ ប្រធាន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការនេះ។

 

ឯកឧត្តម ហេង ពិទូ បានមានប្រសាសន៍ថា៖ឈាមមានសារៈសំខាន់ណាស់ ដើម្បីសង្គ្រោះជីវិតមនុស្ស ជាពិសេសស្ត្រីសំរាលកូនមិនធម្មតា អ្នករងគ្រោះដោយករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ
ទៀត។ ឯកឧត្តម បានបន្ដទៀតថា៖កន្លងមក ស ស យ កខេត្តកំពង់ឆ្នាំងបានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ការងារសង្គម និងជំរុញការងារមនុស្សធម៌ដោយស្ម័គ្រចិត្ត ទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងជនរងគ្រោះដោយសារឧប្បទ្ទវហេតុផ្សេងៗ និងការងារសិក្សាអប់រំរបស់យុវជនផងដែរ។ ជាក់ស្ដែង នៅក្នុងថ្ងៃនេះ សមាជិក សមាជិកា សសយក បានឯកភាពប្រមូលផ្តុំយុវជនទាំងអស់ទូទាំងខេត្ត ចំនួន១៥១នាក់ មានស្រី២០នាក់ ដើម្បីចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កាយវិការ ដ៍ប្រពៃថ្លៃថ្លានេះ គឺជាសកម្មភាពមួយដែលមិនអាចកាត់ថ្លៃបានរបស់បងប្អូន សសយក ដែលបានលះបង់ឈាមរបស់ខ្លួន
ផ្ទាល់ក្នុងន័យរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះទូទៅដែលកំពុងត្រូវការឈាមជាចាំបាច់ ដោយមិនមានការរើសអើងឬនិន្នាការនយោបាយអ្វីឡើយ។

 

លោក ហុង គឹមសេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ អ្នកផ្តល់ឈាមត្រូវមានសុខភាពល្អ។ ជាធម្មតាការផ្តល់ឈាមគឺប្រើរយៈពេលតែ១០នាទីប៉ុណ្ណោះ និងបូមឈាមចំនួន៣៥០មីលីលីត្រ គឺតិចជាង១០ភាគរយនៃចំណុះឈាមក្នុងខ្លូនមនុស្ស ។ បន្ទាប់មកអ្នកផ្តល់ឈាម សម្រាកពិសារភេសជ្ជៈ និងអាហារសម្រន់ តែ១០ទៅ១៥នាទី នឹងអាចត្រឡប់ទៅធ្វើការធម្មតាវិញ តែមិនត្រូវចេញថាមពលខ្លាំងពេកទេ ហើយត្រូវពិសាទឹកឲ្យបានច្រើនក្នុងរយៈពេល២៤ម៉ោង ក្រោយការផ្តល់ឈាម។ លោកបានមានប្រសាសន៍ទៀតថា៖ឈាមទាំងនេះមួយផ្នែកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅក្នុងរាជធានីភ្នំពេញ និងមួយផ្នែកទៀតទុកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីស្តុកទុកសម្រាប់ជួយសង្គ្រោះមនុស្ស ក្នុងនោះដែរឈាមទាំងអស់ ក៏នឹងត្រូវយកសំណាក ទៅពិនិត្យនៅភ្នំពេញ បន្ទាប់មកនិងយក
លទ្ឋផល ត្រឡប់មកវិញ ថាតើឈាមប៉ុន្មាន នឹងត្រូវប្រើការបាន ឈាមប៉ុន្មានប្រើការមិនបានព្រោះថាៈ ឈាម ខ្លះក៏មានមេរោគ ដែលមិនអាចដាក់ឲ្យអ្នកជម្ងឺបានដែរ។

 

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានថ្លែងថា៖ក្នុងនាមតំណាងឲ្យពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង និងជនរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមផ្ទាល់ខ្លួនសំរាប់ជួយសង្គ្រោះជិវិតជនរងគ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ។ កាយវិការមនុស្សធម៌ខាងលើនេះគឺជាគំរូដ៍ល្អដល់យុវជនផ្សេងៗទៀត សូមរួមចំណែកបរិច្ចាគឈាមឲ្យបានច្រើនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីរួមចំណែកជួយ
សង្គ្រោះជីវិតមនុស្សជាទូទៅ។

 

ឯកឧត្តមហ៊ី ណាត អភិបាលខេត្តស្ដីទី ក៏បានមានប្រសាសន៍ក្នុងយុទ្ធនាការនោះថា៖ ការបរិច្ចាគឈាម គឺជាអំពើបុណ្យកុសលមួយស្របនឹងទ្រឹស្ដីដែលមានចែងក្នុងព្រះពុទ្ធសាសនាថាការធ្វើទាន ការលះបង់ដើម្បីសង្គ្រោះអ្នកដ៏ទៃប្រកបដោយមេត្តាធម៌ពោលគឺការមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយនោះជាបុព្វហេតុនៃសុខសន្ដិភាពនិងមានការអភិវឌ្ឍក្នុងសង្គមជាតិទាំងមូល៕

1

2

3

4

5

6

7

8

9

10

11

12

14

15

16

17

18

19

20

21

23

24