កិច្ចប្រជុំបូកសរុបត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គិតពីថៃ្ងទី០១ ខែមករា ឆ្នាំ២០១៦ ដល់ថៃ្ងទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦


នៅរសៀលថៃ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំបូកសរុបត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គិតពីថៃ្ងទី០១ ខែមករា ឆ្នាំ២០១៦ ដល់ថៃ្ងទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោម​អធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី ប្រភេទ និងអាជ្ញាធរក្រុងស្រុកទាំង៨ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យមន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ត្រូវធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានទូលំទូលាយតាមគ្រប់រូបភាពឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងគ្រប់ស្ថាប័នរដ្ឋ និងឯកជនបានយល់ជ្រូតជ្រាបដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយឲ្យនៅអត្រាទាបបំផុត ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ អនុវត្តឲ្យបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺ(ថៃ្ងនេះ ថៃ្ងស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍)។

លោកឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្ត បានរាយការណ៍ឲ្យដឹងថា៖កន្លងមកស្នងការបានប្រើប្រាស់កំលាំង១៧ក្រុម ស្មើនឹង១៤៤នាក់លើគោលដៅត្រួតពិនិត្យចំនួន១៧ធ្វើការត្រួតពិនិត្យយានយន្តបានចំនួន៤០.៣២២គ្រឿង ក្នុងនោះ (រថយន្ដ ១៣.០៧៧គ្រឿង និងម៉ូតូ២៧.២៤៥គ្រឿង) រកឃើញយានយន្តល្មើសចំនួន១៨.៥៩៦គ្រឿង ក្នុងនោះ(រថយន្ត៣.៨១២គ្រឿង និងម៉ូតូចំនួន៩.២៩៧គ្រឿង)។ចេញប័ណ្ណត្រួតពិនិត្យបទល្មើសរថយន្ត និងម៉ូតូ៤.៧២៤គ្រឿង បង់ប្រាក់ពិន័យសរុប ចំនួន ២.១៥២គ្រឿង ឃាត់ម៉ូតូ១៥៦គ្រឿង និងរថយន្ត៣គ្រឿងហើយបានប្រគល់ជូនម្ចាស់វិញ ដោយបានណែនាំឲ្យម្ចាស់ យកទៅ បង់ពន្ធ និងធ្វើស្លាកលេខឲ្យបានស្របច្បាប់កំណត់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា៖ពាក់ព័ន្ធ និងបញ្ហាប្រឈមទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាលប់ចោលប័ណ្ណ បើកបរប្រភេទក១ធ្វើការសម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តដែលប្រជាពលរដ្ឋកំពុងមានដោយតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើម។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការ ដោះស្រាយបញ្ហាប្រឈមនានាដើម្បីធានាឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទទួលបានជោគជ័យ និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ,ត្រូវបន្តការត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំទាំងយប់ទាំងថៃ្ង ជាពិសេសសំដៅលើការ បើកបរ លើសល្បឿនកំណត់ និងអ្នកបើកបរដែលមានគ្រឿងស្រវឹងក្នុងខ្លួន ដែលងាយបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសត្រូវពង្រឹងយន្តការតាមដានការប្រតិកម្មរបស់ប្រជាពលរដ្ឋដើម្បីធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា៕

១

២

៣

៤

៥