ព្រឹកថៃ្ងទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រកាសសេចក្តីសំរេចគណៈចលនាមហាជនទាំង៥របស់គណបក្សប្រជាជនកម្ពុជា ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម សោម សុផាត លោកជំទាវ ដោក សុទ្ធា ឯកឧត្តម ម៉ែន ធឿន និងឯកឧត្តម ម៉ាត់ មូត ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធានគណបក្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈចលនាមហាជនទាំង៥សរុបចំនួន៥១៣នាក់ផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងបានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំងត្រូវបំរើប្រជាជន និងគិតគូពីប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាធំ។ឯកឧត្តម បន្តថា៖សមាជិក សមាជិកចលនាគណៈចលនាមហាជនទាំង៥ ដែលជាសមាជិក សមជិកាគណបក្សប្រជាជនត្រូវចូលរួមបំរើប្រជាជននិងដោះស្រាយបញ្ហាជូនប្រជាជនអោយបានទាន់ពេលវេលា និងចូលរួមក្នុងស្រទាប់មហាជនដើម្បីអោយប្រជាជនទាំងអស់ចូលរួមជាមួយគណបក្សប្រជាជន និងគាំទ្រគណបក្សប្រជាជន ដើម្បីឈានទៅទទួលជ័យជំះក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៨ខាងមុខនេះ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖អនុវត្តតាមសេចក្តីសំរេចរបស់គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានអនុញ្ញាតអោយគណបក្សខេត្តបង្កើតគណៈចលនាមហាជនរបស់ខ្លួននៅគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដែលក្នុងនោះមានគណៈចលនាមហាជនថ្នាក់ខេត្ត ថ្នាក់មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំ សង្កាត់ផងដែរ ។ការងាររបស់គណៈចលនាមហាជនគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំមហាជននៅគ្រប់មជ្ឈដ្ឋានក្នុងដែនដីទទួលខុសត្រូវរបស់ខ្លួន អោយយល់ដឹង និងចូលរួមគោរពច្បាប់ អនុវត្តច្បាប់ទូទៅរបស់ជាតិ ការកែទម្រង់ស៊ីជម្រៅថ្នាក់ក្រោមជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី។
ឯកឧត្តមម៉ាត់ ម៉ូត អនុប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជា ខេត្ត បានអានសេចក្តីសំរេចសមាសភាពគណៈចលនាមហាជនទាំង៥របស់ខេត្ត គោលបំណងសំខាន់មានតួនាទីជំនួយការអោយគណបក្សខេត្ត ក្នុងអនុវត្តការងារគោលនយោបាយរបស់គណបក្សអោយចូលជ្រៅក្នុងស្រទាប់មហាជនយុវជន កម្មករកម្មការិនី និយោជិត និងជាមួយអង្គការសង្គមនានាសំដៅធ្វើយ៉ាងណាអោយទទួលបានជោគជ័យនូវកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្ស៕