នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី ប្រារព្ធទិវាដីសើមពិភពលោក ២កុម្ភៈ ឆ្នាំ២០១៦ ក្រោមប្រធានបទ«តំបន់ដីសើមដើម្បីអនាគតយើងទាំងអស់គ្នា» នៅសួន ច្បារមាត់ទន្លេផ្សារក្រោមស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋសរុបចំនួន៣៣០នាក់ផងដែរ។
ក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងថា៖អ្នកដែលធ្លាប់បំផ្លាញធនធានធម្មជាតិ និងអ្នករួមគំនិត នៅពីក្រោយខ្នង ត្រូវឈប់នាំគ្នាបំផ្លាញតទៅទៀត ព្រោះបើគ្មានធនធានធម្មជាតិយើងមិនអាចរស់បានឡើយ។ឯកឧត្តម បានថ្លែងបន្តថា៖ តំបន់ដីសើមមានសារៈសំខាន់សំរាប់ទ្រទ្រង់ជីវិតរស់នៅប្រចាំថៃ្ងរបស់មនុស្សយើងមិនថាយើងនៅកន្លែងណាក៏ដោយព្រោះថាតំបន់ដីសើមផ្តល់នូវសារៈ
ប្រយោជន៍ដល់យើងដូចៗគ្នាដូចជាប្រភពទឹក ត្រី ផ្លូវសម្រាប់ ធ្វើចរាចរណ៍ ជាអាងសម្រាប់ទប់ទឹកជំនន់ ជាទីតាំងមាន សក្តានុពលសម្រាប់រៀបចំតំបន់ទេសចរណ៍ដូចជាតំបន់ឆ្នេរ តំបន់ជុំវិញបឹងទន្លសាប និងតាមដងទន្លេមេគង្គ។
ឯកឧត្តម បានបន្តទៀតថា៖រាជរដ្ឋាភិបាលបានចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិបរិស្ថាន និងទេសចរណ៍ គឺជាអាទិភាព មួយ ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាដែលដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោកពៅ ប៊ុនថន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ ប្រទេសហត្ថលេខី នឹងអនុសញ្ញាការពារតំបន់ដីសើម បានអនុម័តយកថៃ្ងទី២ ខែកុម្ភៈជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាដីសើមពិភពលោកនេះ។ លោកបានបន្តថាទិវា នេះរៀបចំ ឡើងជាអន្តរជាតិក្រោមប្រធានបទតែមួយរួមគ្នាក្នុងគោលបំណងសំខាន់ផ្តល់ព័ត៌មានអប់រំ និងផ្សព្វផ្សាយ ដល់ សាធារណជនឲ្យយល់ពីសារៈប្រយោជន៍ និងចូលរួមការពារទប់ស្កាត់សកម្មភាពដែលធ្វើឲ្យខូចខាតដល់តំបន់ដីសើម ហើយប្រធានបទក្នុងឆ្នាំនេះ(តំបន់ដីសើមដើម្បីអនាគតយើងទាំងអស់គ្នា)គឺជាប្រធានបទដែលមានសារៈសំខាន់បំផុតធ្វើឲ្យមានការទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីប្រជាពលរដ្ឋ៕