ខេត្តកំពង់ឆ្នាំងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០១សហវ ស្តីពីការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០១៥


នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០១សហវ ស្តីពីការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០១៥ក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការបញ្ជីសារពើភ័ណ្ឌខេត្ត ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក និងមន្រ្តីជំនាញសរុបចំនួន៥០នាក់។

លោកអ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា៖គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុង ស្រុកត្រូវពង្រឹងការគ្រប់គ្រង និងកត់ត្រាឲ្យបានច្បាស់នូវទ្រព្យសម្បត្តិរបស់រដ្ឋនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់ខ្លួន ។ លោក បានមានប្រសាសន៍បន្តថា៖គ្រប់អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពនូវច្បាប់ និងលិខិតបទដ្ឋាន ទាំងឡាយដែលពាក់ព័ន្ធនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងត្រូវទទួលខុសត្រូវក្នុងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ
ឆ្នាំ២០១៥ ឲ្យបានតាមពេលកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម ហេង ពិទូ បានមានប្រសាសន៍ថា៖គ្រប់មន្ទីរ អង្គភាពជុំវិញខេត្តត្រូវកត់ត្រា ទ្រព្យសម្បត្តិទាំងអស់ ដែលស្ថិតនៅ ក្នុងអង្គភាពរបស់ខ្លួននូវអចលនវត្ថុ និងចលនវត្ថុដែលទិញដោយថវិការដ្ឋ និងបានពីដៃគូអភិវឌ្ឍន៍។

នៅ​ចុងបញ្ចប់ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរ អង្គភាពជុំវិញខេត្តក្រុង ស្រុកថា៖ដើម្បីពង្រឹងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋនិងរៀបចំបញ្ជីសារពើភ័ណ្ឌឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ត្រូវអនុវត្តឲ្យបានពេញលេញគ្រប់ជ្រុងជ្រោយ និងទាន់ ពេលវេលាកំណត់ដែលរាជរដ្ឋាភិបាលបានដាក់ចេញដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើឲ្យបានចប់សព្វគ្រប់ នៅ​ក្នុងត្រីមាសទី១នៃឆ្នាំបន្ទាប់៕

១

២

៣

៤

៥