សិស្សានុសិស្សចំនួន៤០៩នាក់ នៅសាលាបឋមហ៊ុន សែន ព្រៃខ្មែរបានទទួលអំណោយជាសម្ភារៈសិក្សាពីលោកជំទាវតុង ណារី សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង


នៅព្រឹកថៃ្ងទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវតុង ណារី សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញ ចុះសាកសួរ សុខទុក្ខនិងនាំយកសម្ភារៈសិក្សាទៅចែកជូនដោយផ្ទាល់ដៃជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុន សែន​ព្រៃខ្មែរ ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរូម លោកនាយកសាលាលោកគ្រួ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកអ៊ុំ ច័ន្ទ ជានាយកសាលាបឋមសិក្សាហ៊ុន សែនព្រៃខ្មែរបានឲ្យដឹងថា៖ សិស្សដែល បានមកទទួលសម្ភារៈសិក្សា​ពី លោកជំទាវតុង ណារី នៅថ្ងៃនេះមានចំនួន៤០៩នាក់ លោកគ្រូអ្នកគ្រូចំនួន១៨នាក់ និងអាជ្ញាធរមូលដ្ឋានចំនួន៣នាក់ ។ លោកបានបន្តថា សិស្សម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម នំ១កញ្ចាប់ ក្នុងនោះ សិស្សជាប់​លេខ១ ចំនួន១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ចំណែកលោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ចំនួន២១នាក់ ក្នុងម្នាក់ទទួលបាន សាប៊ូ ១កញ្ចប់ និងសាប៊ូ១ដបហើយលោកជំទាវក៏បានផ្តល់សៀវភៅប៊ិច និងបាល់សម្រាប់សាលាប្រើប្រាស់ជាច្រើនទៀតផងដែរ។

លោកជំទាវតុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជា ក្រោមការ​ដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពស្ថេរភាព និងរក្សា បានសណ្តាប់ធ្នាប់សង្គមបានល្អគ្រប់ទីកន្លែងដែលកត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេសមានភាពរីកចំរើនជាលំដាប់។

លោកជំទាវតុង ណារី ក៏បានផ្តាំផ្ញើ ដល់ក្មួយៗ សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ដើម្បីតបស្នងសងគុណ ដល់មាតាបិតា ដែល​ខិតខំថែរក្សាជួយឧបត្ថម្ភឲ្យ ក្មួយៗបានរៀនសូត ដើម្បីក្លាយជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ  ហើយត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនដែលបំផ្លាញខ្លួន បំផ្លាញគ្រួសារ និងសង្គមជាតិ៕
១

២

៣

៤

៥

៦