ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥និងលើកទិសដៅការងារឆ្នាំ២០១៦របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង


សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានប្រារព្ធបិទនៅរសៀលថៃ្ងទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូក្រសួងមហាផ្ទៃ លោកជំទាវ ដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សរុប១៥១នាក់។

ក្រោយពីអង្គសន្និបាតបានដំណើរការមួយថៃ្ងកន្លះ នៅរសៀលថៃ្ងទី០២ ខែកុម្ភៈ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមាន​ប្រសាសន៍ គូសបញ្ជាក់ថា៖អង្គសន្និបាតបានពិភាក្សាផ្តោតលើចំណុចខ្លាំង និងបញ្ហាប្រឈម និងវិធានការណ៍ជាក់ស្តែងសំខាន់ៗ រួមមាន៖ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងដែនដីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ម្ចាស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព និងការអភិវឌ្ឍន៍ខេត្តដែលមាននិរន្តរភាពគ្រប់ជ្រុងជ្រោយ។ ពង្រឹងការផ្តល់សេវាសាធារណៈស្របតាមគោលការណ៍ណែនាំរបស់អន្ដរក្រសួង និងរាជរដ្ឋាភិបាល។ពង្រឹងការអនុវត្តទួនាទីភារកិច្ច និងការទទួលខុសត្រូវទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមកំណត់ច្បាប់ ប្រកបដោយប្រសិទ្ធភាព ជំរុញការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលឃុំ/សង្កាត់។យកចិត្តទុកដាក់គ្រប់គ្រងឲ្យបាននូវគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា។

ការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្រុក ក្រុង អង្គសន្និបាតផ្តោតលើបញ្ហាសំខាន់ៗរួមមាន៖ការទទួលខុសត្រូវរបស់ អាជ្ញាធរមូលដ្ឋាន លើការពង្រឹងសន្តិសុខជាតិ សន្តិសុខនយោបាយ និងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព វិធានការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់បង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ជួញដូរផ្លូវភេទទប់ស្កាត់អគ្គីភ័យ ទប់ស្កាត់ការញុះញង់ភូតកុហកបោកប្រាស់ បំផ្លើសការពិតរបស់ជនអគតិ ដែលមានគំនិតប្រឆាំងនឹងរាជរដ្ឋាភិបាល។

រដ្ឋបាលខេត្តបានប្តេជ្ញាបន្តជំរុញការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយនូវ កង្វះខាត និងចំណុចអសកម្មនានា ប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាឪកាស ខិតខំដោះស្រាយឲ្យបាន ដោយយកបទពិសោធន៍ល្អៗ ដែលអង្គសន្និបាតទទួលបាន ក៍ដូចជាទិសដៅភារកិច្ចក្រសួងដែលមហាផ្ទៃបានដាក់ចេញ។ ជំរុញថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សកម្មចូលរួមអនុវត្តដោយប្រសិទ្ធភាព ឈរលើស្មារតីប្តេជ្ញាសាមគ្គីឯកភាព ដើម្បីសំរេចជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំ២០១៦នេះ។

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គសន្និបាតថា៖នៅក្នុងទិសដៅអនុវត្ត រដ្ឋបាលខេត្ត ត្រូវដាក់បញ្ចូល ទិសដៅអភិវឌ្ឍធនធានមនុស្សនៅតាមមន្ទីរអង្គភាពនានា ដើម្បីបន្តវេនពីមន្ត្រីដែលត្រូវចូលនិវត្តន៍ ។នេះគឺជា​គន្លឹះយ៉ាង សំខាន់ដែលត្រូវបណ្តុះបណ្តាលពីពេលនេះតទៅ ដើម្បីឲ្យមន្ទីរ អង្គភាពជុំវិញខេត្ត មានធនធានមនុស្សធ្វើការងារគ្រប់គ្រាន់ សម្រេច​បានតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ក្នុងនោះដែរលោកជំទាវក៏បានណែនាំដល់អង្គសន្និបាតបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទប់ស្កាត់ និង បង្ក្រាបឲ្យបានរាល់បទល្មើសដែលកើតមានឡើង។ លើកទឹកចិត្ត និងជំរុញ ចលនាប្រជាការពារមូលដ្ឋាន ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយសមត្ថកិច្ច។ យកចិត្តទុកដាក់ដល់ការងារយ៉េនឌ័រទាំងស្ត្រី និងកុមារ កាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ឲ្យពួកគាត់មានការងារធ្វើនៅក្នុងមូលដ្ឋាន។ទន្ទឹមនោះដែរ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវហ៊ានទទួលខុសត្រូវចំពោះ មន្ត្រីអសកម្មទាំងឡាយណា ដែលប្រព្រឹត្តខុសនឹង ច្បាប់ដោយហ៊ានដាក់ទោសទ័ណ្ឌ និងហ៊ានលើកសសើរចំពោះមន្ត្រីសកម្មការងារ។

នៅចុងបញ្ចប់លោកជំទាវ ក៏បានឯកភាពផងដែរនូវរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៥របស់រដ្ឋបាលខេត្ត និងលើកទិសដៅបន្តក្នុងឆ្នាំ២០១៦ និងបានបំពាក់មេដាយជូនឯកឧត្តមលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់នាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំក្រុង ស្រុកផងដែរ។

1

2

3

4

5

6

7

8

9

10