ពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ទិវាបុណ្យជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០១៦នៅស្រុកទឹកផុស


ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកក្រុមការងារថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកទឹកផុស លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកទឹកផុស ឯកឧត្តម ទន់ ចន ក្រុមការងារថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកទឹកផុស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជំនះ ៧មករា ១៩៧៩-៧ មករា ២០១៦ នាព្រឹកថៃ្ងទី០៥ ខែមករា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុសព្រមទាំងមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋសរុបចំនួន៥២០នាក់។

ឯកឧត្តម តូច ចាន់កុសល បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថា៖៧ មករា ជាថៃ្ងបុណ្យដ៏ធំមួយនិងរំលឹកដល់គុណបំណាច់របស់យុទ្ធជនយុទ្ធនារី ដែលពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា៣៧ឆ្នាំកន្លងទៅនេះផ្តើមចេញពីជ័យជំនះ ៧ មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថាកម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍតាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យបានធ្វើឲ្យប្រជាជនកាន់តែមានជីវភាពធូរធារ និងកំណើនសេដ្ឋកិច្ចមានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ថៃ្ងជ័យជំនះ ៧ មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូបគ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ បើគ្មានរបបប្រល័យពូជសាសន៍ក៏គ្មានថៃ្ង ៧មករា បើគ្មានថៃ្ង ៧ មករា ក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

ជាទីបញ្ចប់ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការកងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទាំងអស់គ្នា ដែលកន្លងមកដោយការមិនគោរពច្បាប់នេះហើយដែលក្នុងមួយឆ្នាំៗបានធ្វើឲ្យមនុស្សជាច្រើនស្លាប់ដោយសារតែការបើកបរមិនគោរពច្បាប់ចរាចរណ៍នេះ។ ជាពិសេស សូមឲ្យលោកគ្រូអ្នកគ្រូ មាតាបិតា ត្រូវធ្វើយ៉ាងណាអប់រំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលខុសច្បាប់ និងសង្គមស្អប់ខ្ពើម។

ក្នុងឪកាសនោះដែរ លោកខឹម ផល្លា តំណាងឲ្យសមាជិក សមាជិកា អង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្ត ដោយបានគូសបញ្ជាក់ថា៖ការពារឲ្យបានរ៉ឹងមាំស្ថិតស្ថេរ និងរីកចំរើនថែមទៀតនូវសមិទ្ធផល៧ មករា ប្តេជ្ញាបន្តអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភាដែលមានសម្តេចតេជោ ជាប្រមុខ ប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ៕

១

២

៣

៤

៥

៦

៧

៨

៩

១០

១១