ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករ ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្ត និងឯកឧត្តម ហ៊ីវ ប៊ុនហេង អគ្គនាយកដ្ឋានរង គយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងស្រុកទូទាំងខេត្ត ។
នៅក្នុងពិធីនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្ទេរភារកិច្ច លោក យូ ហេង ទៅកាន់ជាប្រធានសាខាគយ និងរដ្ឋាករខេត្តឧត្តរមានជ័យ ចំណែកលោក សំ សុខា មកពីខេត្តកំពត ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង។
លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តចាស់បានរាយការណ៍អង្គពិធីឲ្យដឹងថា៖ សាខាគយនៅក្នុងខេត្តកំពង់ឆ្នាំងបានកើតឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ ដោយបានជួលផ្ទះប្រជាពលរដ្ឋធ្វើជាទីស្នាក់ការរហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងរយៈពេល១៦ ខែគិតចាប់ពីខែកញ្ញា ឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០១៥ សាខាគយនិង
រដ្ឋាករខេត្ត បានប្រមូលពន្ធគ្រប់ប្រភេទ និងបង្ក្រាបអំពើគេចពន្ធម៉ូតូ បានប្រាក់ជាង៣ពាន់លានរៀល បង់ចូលថវិកាជាតិ ស្មើនឹង១៤៧% លើផែនការ។
ឯកឧត្តម ហ៊ីវ ប៊ុនហេងបានលើកឡើងថ្លែងបញ្ជាក់ក្នុងពិធីនោះថា៖« ក្នុង១ខែៗអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវរកចំណូលឲ្យបាន១៥០លានដុល្លារ បង់ចូលថវិកាជាតិ » ។ ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ ដល់លោក យូ ហេង ប្រធាសាខាគយចាស់ដែលបានខិតខំបំពេញភារកិច្ចរកចំណូលជូនរដ្ឋលើសផែនការ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់លោក សំ សុខា ប្រធានសាខាថ្មីត្រូវយកចិត្តទុកដាក់អនុវត្តន៍តាមបញ្ញត្តិច្បាប់ប្រកប
ឲ្យមានប្រសិទ្ធភាព ,យកចិត្តទុកដាក់ដឹកនាំសាខាក្នុងការប្រមូលពន្ធអាករគ្រប់ប្រភេទ ដោយត្រូវទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធនៅកណ្តាលទីឲ្យបានជោគជ័យ ,ប្រមូលថវិកាពន្ធ ឲ្យបានតាមផែនការឬលើសផែនការជូនរដ្ឋ។ ក្នុងនោះដែរ ត្រូវបង្កើនកិច្ចទំនាក់ទំនងល្អ សហការល្អ ជាមួយតុលាការ ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងតួនាទីភារកិច្ច ដោយមិនត្រូវដុតឲ្យខ្លោចរោយឲ្យឆៅ ដើម្បីសម្រេចឲ្យបានជោគជ័យនូវការប្រមូលពន្ធជូនជាតិ។
ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្ត ដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករខេត្ត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់ លោកប្រធានសាខាថ្មីថា៖ គណៈអភិបាលខេត្តកំពង់ឆ្នាំង សូមគាំទ្រ និងសហការជានិច្ចក្នុងការផ្តល់កម្លាំងសមត្ថកិច្ចក្នុងខេត្ត ចូលរួមក្នុងកាតព្វកិច្ចប្រមូលពន្ធ និងការបង្ក្រាបអំពើគេចពន្ធគ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ក្នុងករណីមានសំណើរពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីរួមគ្នាក្នុងការប្រមូល
ពន្ធបង់ចូលថវិកាជាតិ សម្រាប់បើកប្រាក់បំណាច់ជូនមន្ត្រីរាជការ និងដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ៕