វេទិកាសាធារណៈថ្នាក់ជាតិបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះក្រុងកំពង់ឆ្នាំងនិង ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពីសង្កាត់ទាំង២សរុបចំនួន៧០៥នាក់។
នៅក្នុងវេទិកាសាធារណៈថៃ្ងនេះដែរ តំណាងប្រជាពលរដ្ឋបានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់មកសំណូមពរដល់គណៈអធិបតីដូចជា៖សំណូមពរឲ្យមានការត្រួតពិនិត្យគុណភាពទំនិញនៅទីផ្សារឲ្យបានជាប់ជាប្រចាំ សំណូមពរឲ្យមន្ទីរធនធានទឹកជួយអន្តរគមន៍ជួយបូមទឹកដាក់ស្រែប្រាំង សំណូមពរឲ្យរកទីផ្សារលក់ផលិតផលស្រូវ និងដំណាំរួមផ្សំផ្សេងៗឲ្យបានតម្លៃខ្ពស់ ស្នើផ្លូវសម្រាប់ដឹកជញ្ជូនកសិផលទៅទីផ្សារ សំណូមពរជួយជម្រុញការផ្តល់អត្តសញ្ញាប័ណ្ណជាតិខ្មែរឲ្យបានលឿន សំណូមពរអាជ្ញាធរជួយអន្តរគមន៍ចំពោះក្រុមហ៊ុនដឹកដីផ្លូវលេខ១សង្កាត់ខ្សាមឲ្យស្រោចទឹកកុំឲ្យហុយដែលបណ្តាលឲ្យខូចសុខភាពប្រជាពលរដ្ឋ សំណូមពរសមត្ថកិច្ចបង្កើនការបង្រាបក្រុមក្មេងទំនើង បង្រ្កាបការចែកចាយគ្រឿងញៀននៅក្នុងសង្កាត់ខ្សាម បញ្ហាដីសាលាបឋមសិក្សាខ្សាមជាមួយនាយកសាលាបានចូលនិវត្តន៍ បញ្ហាបង់ពន្ធលើអចនវត្ថុដីដូចគ្នាមានអ្នកជាប់ពន្ធ និងអ្នកអត់ជាប់ពន្ធ និងសំណូមពរឲ្យសមត្ថកិច្ចផ្សព្វផ្សាយឲ្យបានមួយអាទិត្យ មុននឹងធ្វើការផាកពិន័យ។
ជាការឆ្លើយតបទៅនឹងសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ គណៈអធិបតី និងមន្ទីរជំនាញបានស្រាយបំភ្លឺជូនប្រជាពលរដ្ឋដោយមានតម្លាភាពស្របតាមគោលការណ៍ច្បាប់ហើយប្រជាពលរដ្ឋទទួលយកដោយអបអរសាទរចំពោះករណីសំណូមពរឲ្យជួយត្រួតពិនិត្យគុណភាពទំនិញនៅទីផ្សារ ។ លោកជំទាវ ជូ ប៊ុនអេង បានជំរុញឲ្យអាជ្ញាធរដែនដី គណៈកម្មការខេត្តក៏ដូចជាខាងអង្គភាពជំនាញសូមចុះត្រួតពិនិត្យជាបន្ទាន់ និងឲ្យបានជាប់ជាប្រចាំចំពោះគុណភាពទំនិញចៀសវាងការទទួលទានបណ្តាលឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។ ចំពោះករណីបង់ពន្ធអចលនទ្រព្យជំរុញឲ្យសាខាពន្ធដារខេត្តត្រូវជួបពន្យល់ដោះស្រាយជាមួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅក្នុងសប្តាហ៍នេះ។
លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់ឲ្យប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយ គឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះសូមប្រជាពលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើសម្តេច ហ៊ុន សែន និងកុំចាញ់ការឃោសនា និងការញុះញង់របស់ជនអគតិដែលជានិច្ចកាលតែងបង្កឲ្យមានចលាចលដល់សង្គមជាតិឲ្យសោះ។ដែលគេទាំងនោះបានត្រឹមតែសន្យា ដែលការសន្យានោះជាសន្យាខ្យល់ ដោយមិនដែលឃើញធ្វើអ្វីឲ្យបានឃើញជាក់ស្តែងនោះឡើយ។ ប្រជាពលរដ្ឋយើងពិតជាដឹងច្បាស់ហើយថា តើអ្នកណារំដោះយើងពីពួកប្រល័យពូជសាសន៍ប៉ុលពត អ្នកណាបង្រួបបង្រួមជាតិខ្មែរបានសុខសន្តិភាពដូចសព្វថ្ងៃ និងអ្នកណាជាអ្នកអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ពន្ធ័ជាតិលើគ្រប់វិស័យបានរីកចំរើននៅពេលនេះ។
លោកជំទាវ ជូ ប៊ុនអេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់១.សូមកុំប្រព្រឹត្តល្មើសនឹងច្បាប់ ២.កុំបង្កអំពើហឹង្សាក្នុងគ្រួសារនិងសង្គម ៣.ត្រូវចូលរួម និងផ្ដល់ដំណឹងជូនអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ ៤.ជួយអប់រំកូនក្មួយឲ្យធ្វើអ្វីត្រូវគោរពតាមច្បាប់ ៥.កុំធ្វើអ្វីដែលសង្គមស្អប់ខ្ពើម និងទី៥.ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដែលបង្កឲ្យមានការខាតបង់ពេលវេលា ថវិកាគ្រួសារ និងជាតិ។ យើងទាំងអស់គ្នាគួរអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន«ថៃ្ងនេះថៃ្ងស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»៕