ប្រជាពលរដ្ឋចំនួន១.៥៤០នាក់នៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ ត្រឡាចបានមកទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ចំនួន១.៥៤០នាក់ មកពីភូមិចំនួន៨ ក្នុងឃុំអំពិលទឹក បាន​ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលពិធីនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងវត្តអំពិលទឹក ភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាព
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការអញ្ជើញ
ចូលរួមពីលោកឧកញាកុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាលនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម ម៉ាត់ ម៉ូត សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋសរុបចំនួន១៦៧៨
នាក់។

លោកឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចបានអានរបាយការណ៍ឲ្យដឹងថា៖ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋចំនួន៨ភូមិស្មើនឹង១.៥៤០នាក់ នៅក្នុងឃុំអំពិលទឹក ត្រូវបានទទួលអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មីសម្រាប់យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងស្រុកកំពង់ត្រឡាចបានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មីនេះរួចហើយ និងនៅសល់ប្រជាពលរដ្ឋមួយចំនួនតូច
ទៀត និងត្រូវចែកជូនជាបន្តបន្ទាប់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន
បានថ្លែងថា៖ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងរក្សាបានសណ្តាប់ធ្នាប់សង្គមបានល្អគ្រប់ទីកន្លែង។ កត្តាទាំងនេះបានធ្វើឲ្យប្រទេសកម្ពុជាមានអភិវឌ្ឍន៍លើគ្រប់វិស័យបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសមានភាពរីកចម្រើនជាលំដាប់ផងដែរ។ ទន្ទឹមនឹងនោះ មានការរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ត្រូវការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាចាំបាច់ សម្រាប់ប្រើប្រាស់ការងារផ្ទាល់ខ្លួន។

ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមយក
អត្តសញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរគម្រូថ្មីនេះទៅប្រើប្រាស់តាមតម្រូវការ តែសូមចេះថែរក្សាឲ្យបានគង់វង្សល្អ ព្រោះអត្តសញ្ញាណប័ណ្ណថ្មីលើកនេះ វាមានសុពលភាពរហូតដល់១០ឆ្នាំ។ ជាពិសេសកុំយកអត្តសញ្ញាណប័ណ្ណនេះទៅប្រចាំខ្ចីប្រាក់ពីអង្គការផ្សេងៗប្រសិនបើមិនចាំបាច់ខ្លាំង ព្រោះការបោះឆ្នោតឃុំ សង្កាត់ ជិតមកដល់ហើយ។ លោកសង្ឃឹមថាបងប្អូនដែលមានអត្តសញ្ញាណប័ណ្ណ នឹងអាចបំពេញកាតព្វកិច្ចជាពលរដ្ឋល្អចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងរបស់ខ្លួន នៅថ្ងៃខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលក៏បានប្រគេនស៊ីម៉ង់ត៍ចំនួន៥តោនសម្រាប់ក៏សាងសមិទ្ធផលនានាក្នុងវត្តអំពិលទឹកនិង ឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូ១៦នាក់ ម្នាក់ៗទទួលបាន១ម៉ឺនរៀល សិស្សានុសិស្ស៦៥៧នាក់ក្ម្នាក់ៗទទួលបាន២ពាន់រៀល និងសមត្ថកិច្ចទាំង៣ប្រភេទនិងស្វ័យការពារក្នុង
មួយអង្គភាពទទួលបាន១០ម៉ឺនរៀលផងដែរ៕

1

2

3

4

5