ពិធីប្រកាសតែងតាំងនាយរងខណ្ឌ និងនាយផ្នែករដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង


នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រកាសតែងតាំង នាយរងខណ្ឌ និងនាយផ្នែករដ្ឋបាលជលផល ក្រោមអធិបតីភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងលោកបណ្ឌិតហាវ វិសិទ្ធ អនុប្រធានរដ្ឋបាលជលផល តំណាងឯកឧត្តម អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលជលផល និងមានការអញ្ជើញចូលរួមពីសោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ក្នុងខេត្តផងដែរ។

ឯកឧត្តម ចេង ញ៉ាន់ បានថ្លែងថា« អ្នកទទួលតំណែងថ្មីត្រូវយកចិត្តទុកដាក់ការងារ៤យ៉ាងគឺ៖ ១.ប្រជុំ ២.រៀនសូត្រ ៣.ចុះមូលដ្ឋាន ៤.រាយការណ៍ » ។ឯកឧត្តម បានផ្តាំផ្ញើបែបនេះ ដល់លោកអ៊ូ សោភ័ណ្ឌ ដែលត្រូវទទួលតំណែងថ្មីជានាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងថ្មី និង លោក ឃួន ឡុង ដែលត្រូវតែងតាំងជានាយផ្នែកជលផលរដ្ឋបាលជលផលកំពង់ប្រាសាទ ក្នុងខណ្ឌ័រដ្ឋបាលជល ។ក្នុងនោះដែរ ឯកឧត្តម ក៏បានក្រើនរំលឹកពីអភិក្រម៤យ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ៖ មុជទឹក ឆ្លុះកញ្ចក់ សិតសក់ និងព្យាលបាល។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា៖តាមអនុក្រិត្យលេខ១៩៧របស់ប្រមុខរាជរដ្ឋាភិបាល បានចែងថាបទល្មើសនេសាទទូទៅដែលកើតមាននៅក្នុងមូលដ្ឋានណា គឺអាជ្ញាធរមូលដ្ឋាន
នោះ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។ ដោយឡែកសមត្ថកិច្ចជំនាញ ដែលជា
មន្ត្រីនគរបាលយុត្តិធម៌ ក៏ត្រូវតែមានតួនាទីសហការជាមួយសមត្ថកិច្ចចំរុះ សហគមន៍នេសាទ បង្រ្កាបបទល្មើសទាំងនោះនៅក្នុងមូលដ្ឋាន អោយបានម៉ឺងម៉ាត់ផងដែរ។

លោកបណ្ឌិត ហាវ វិសិទ្ធ អនុប្រធានរដ្ឋបាលជលផល តំណាងឯកឧត្តម អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានថ្លែងឲ្យដឹងថា៖
ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៤ ដោយមានត្រីទឹកសាបច្រើនជាងគេនៅលើពិភពលោកនេះ គឺជាមោទនភាពរបស់ជាតិ បន្ទាប់ពីប្រទេសឥណ្ឌា ចិន បង់ក្លាដេស។

លោកបានថ្លែងបន្ដទៀតថា៖ដើម្បីអភិរក្ស និងរក្សាការពារពូជត្រីនៅក្នុងបឹងទន្លេសាបឲ្យមាននិរន្តភាព មន្ត្រីជលផលគ្រប់ជាន់ថ្នាក់គ្រប់ខេត្ត ក្រុង ត្រូវចងក្រងសហគមន៍នេសាទឲ្យបានច្រើន ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន។ ដោយឡែកនៅក្នុងស្រុកលើត្រូវយកចិត្តទុកដាក់ការពារអាងស្តុបទឹក ទំនប់ទឹក ដើម្បីលែងត្រីពូជឲ្យកើតកូនកើតចៅច្រើន ដើម្បីធ្វើការនេសាទដោះស្រាយជីវភាពប្រជាពលរដ្ឋនៅតំបន់ស្រុកលើឲ្យមានជីវភាពធូរធារ។

ទន្ទឹមនឹងនោះដែរ ត្រូវយកចិត្តទុកដាក់ណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ឲ្យធ្វើការចិញ្ចឹមត្រីតាមស្រះ តាមបច្ចេកទេសបែបថ្មី ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការកាត់បន្ថយការចំណាយទិញត្រីនៅទីផ្សារ និងដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

១

២

៣

៤

៥

៦

៧

៨

៩

១០