ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ហ៊ី ណាត អភិបាលរងខេត្ត បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសេរ៉ាមិចជីងទ័រចិន នៃទីក្រុងជីងទ័រចិន ខេត្តហ្សាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក វ៉ាង យ៉ៅ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេរ៉ាមិចជីងទ័រចិន។
ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ឆ្នាំង និងទីក្រុងជីងទ័រចិន ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០១៤។ ក្រុមហ៊ុនជីងទ័រចិន ចង់ផ្ដល់ជំនួយបច្ចេកទេសដល់ខេត្តកំពង់ឆ្នាំង ក្នុងការអភិវឌ្ឍវិស័យកុលាលភាជន៍ឲ្យកាន់តែមានគុណភាព និងប្រណិតភាព។ ក្រុមហ៊ុនក៏កំពុងសិក្សាអំពីលទ្ធភាពវិនិយោគទ្រង់ទ្រាយធំ លើវិស័យសេរ៉ាមិចនៅខេត្តកំពង់ឆ្នាំងផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម ហ៊ី ណាត បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានបំណងជួយអភិវឌ្ឍវិស័យកុលាលភាជន៍ និងចង់បណ្ដាក់ទុនវិនិយោគលើវិស័យសេរ៉ាមិច ដើម្បីលើកស្ទួយកម្រិតជីវភាពប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅចុងបញ្ចប់នៃជំនួបពិភាក្សា គណៈប្រតិភូបានចុះពិនិត្យទីតាំងសិប្បកម្មកុលាលភាជន៍ នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ។