នៅព្រឹកថៃ្ងទី១៣ ខែសីហា ឆ្នាំ២០១៦ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលដាំកូនឈើ និងពិនិត្យមើលការជីកស្រះទទឹង១០០ម៉ែត្រ និងបណ្តោយ១២០ម៉ែត្រដែលជាព្រះរាជអំណោយរបស់សម្តេចម៉ែ ផ្តល់ជូនកូនចៅរបស់ព្រះអង្គនៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ចូលរួមក្នុងឱកាសនោះមានឯកឧត្តមគុយ សុផលទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលកិច្ចការទូទៅព្រះបរម រាជវាំង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងព្រះបរមរាជវាំង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសរុបចំនួន២០០នាក់ផងដែរ។
សម្តេចចៅហ្វាវាំងបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋត្រូវបង្កើនការដាំកូនឈើគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ចូលរួមការពារថែទាំព្រៃឈើ និងប្រើប្រាស់អោយបានស្របតាមបច្ចេកទេស និងតាមច្បាប់។សម្តេចបានមានប្រសាសន៍បន្តថា៖ព្រៃឈើមានសារៈសំខាន់ក្នុងការធានាឲ្យមាននិរន្តភាព មិនត្រឹមតែប៉ុណ្ណោះ ព្រៃឈើ គឺជាប្រភពដ៏មានសារៈសំខាន់សម្រាប់ផ្តល់ផលប្រយោជន៍ក្នុងការរស់នៅរបស់មនុស្ស សត្វ ក្នុងសង្គមជាតិទាំងមូល។ ជាងនេះទៅទៀត វាក៏ធ្វើអោយបរិស្ថានល្អ និងបញ្ជៀសនូវហានិភ័យនៃគ្រោះធម្មជាតិផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះដែរ សម្តេចចៅហ្វាវាំងគង់ សំអុល បានប្រកាសផ្តល់ជូនផ្លូវទំនប់ចាក់បេតុងផុតទឹកចំងាយ៤គីឡូម៉ែត្រចាប់ពីទំនប់តាកុយរហូតដល់ព្រំប្រទល់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់តាមរយៈក្រសួងធនធានទឹកហើយនឹងចាប់ផ្តើមស្ថាបនាសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ។
ក្នុងនោះដែរ សម្តេចក៏បានជំរុញអោយអាជ្ញាធរដែនដីរកដីសំរាប់សាងសង់ផ្សារធ្វើយ៉ាងណាអោយអាជីវករក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបានលក់ដូរសមរម្យតាមស្តង់ដារដូចទីផ្សារនានា
ដែលច្បាប់បានកំណត់។
នៅចុងបញ្ចប់សម្តេចចៅហ្វាវាំងព្រមសមាជិក សមាជិកា ក្នុងអង្គពិធីបានចូលរួមដាំកូនឈើបេង ក្រញ៉ូង គគីចំនួន២០០ដើម និងពិនិត្យមើលការជីកស្រះទឹក និងប្រជាពលរដ្ឋចូលរួម១៧០នាក់ក្នុងម្នាក់ៗសម្តេចបានឧបត្ថម្ភជូនសារុង១ និងថវិកា៥ពាន់រៀលផងដែរ៕