សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបរាល់អ្នកពាក់ព័ន្ធដែលបាននឹងកំពុងប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន មិនថាកូនអ្នកតូច កូនអ្នកធំ ឬអ្នកក្រ ឬអ្នកមានលុយក៏ដោយ និងត្រូវតែប្រយ័ត្នខ្សែរយៈបង្កប់ផ្ទៃក្នុងធ្វើអោយបែកការណ៍ក្នុងពេលបង្ក្រាប។ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងជំរុញបែបនេះនៅក្នុងមិទ្ទិញទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ«ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបរិវេណវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងដោយមានការចូលរួមពីលោកប្រធាន អនុប្រធាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ប្រជាការពារ សិស្សានុសិស្ស តំណាងអង្គការក្រៅរដ្ឋាភិបាល និងលោកគ្រូអ្នកគ្រូ សរុបចំនួន១.០២៤នាក់។
ឯកឧត្តមបានបន្តថា៖ដើម្បីឲ្យខេត្ត ក្រុង ស្រុក ឃុំ ភូមិ និងសហគមន៍យើងគ្មានគ្រឿងញៀន គឺយើងទាំងអស់គ្នាត្រូវតែរួមគ្នាប្រឆាំងការចរាចរណ៍ ការដឹកជញ្ជូន ការនាំចេញ ការនាំចូលឆ្លងកាត់ ការជួញដូរ ការលក់ទិញ ការផ្គត់ផ្គង់ និងការប្រើប្រាស់ ដូចជា៖ លេប ជក់ ចាក់ ហឺត ស្រូបក្លិន នូវគ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់។
ឯកឧត្តមបានលើកឡើងទៀតថា៖ កន្លងមកមានប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនបានទូរសព្ទ័រាយការណ៍អំពីមុខសញ្ញាគ្រឿងញៀននៅក្នុងភូមិ ឃុំគាត់ ដែលសមត្ថកិច្ចមិនបានដឹងដែរតែមិនបង្កា្រប។ ករណីនេះសមត្ថកិច្ច និងអាជ្ញាធរគ្រប់មូលដ្ឋាន គួរតែដឹង និងត្រូវតែចាត់ការបង្ក្រាបអោយបាន មិនត្រូវយោគយល់ ប្រកាន់បក្ខពួកកូនអ្នកតូច ឬអ្នកធំនោះឡើយ។
នៅក្នុងពិធីនេះដែរ លោក សៀត គឹមលៀង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍អោយដឹងថា៖ នៅក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ សមត្ថកិច្ចក្នុងខេត្តបានបង្ក្រាបគ្រឿងញៀនបានចំនួន៤៥ករណី ឃាត់ខ្លួន៨៩នាក់ ស្រី១២នាក់ ក្នុងនោះមានករណីជួញដូរចែកចាយ៤១ករណី ចាប់មនុស្ស៧៧នាក់ ស្រី១២នាក់ ករណីប្រើប្រាស់៤ករណី ចាប់មនុស្ស១២នាក់ ( បើប្រៀបធៀប និងឆមាសទី១ ឆ្នាំ២០១៥ មានការកើនឡើងបទល្មើស១៤ករណី មនុស្ស២១នាក់ ស្រី១នាក់)។ ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន (ICE ) ១៨៥ថង់ ទន្ងន់១២៦,២៦ក្រាម ប្រភេទ (WY ) ១គ្រាប់ ជញ្ជីងថ្លឹង៣គ្រឿង អាវុធកែឆ្នៃ៨ដើម វិទ្យុទាក់ទង១គ្រឿង ប្រាក់រៀល២០.០០០រៀល ឧបករណ៍វេចខ្ចប់និងឧបរណ៍ប្រើប្រាស់មួយចំនួនទៀត។ ទិសដៅបន្ត បន្តការកសាងភ្នាក់ងារផ្តល់ព័ត៌មានអោយបានច្រើន បង្កើនការចុះល្បាត និងត្រួតពិនិត្យរដ្ឋបាល តាមផ្ទះសំណាក់ ផ្ទះជួល ក្លឹបកំសាន្ត និងកន្លែងសង្ស័យមានគ្រឿងញៀន៕