រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំស្ដីពីការបញ្ជ្រាបផែនការសកម្មភាពមីនក្នុងកម្មវិធីអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម សៀត គឹមលៀង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពកំចាត់មីន ខេត្ត និងឯកឧត្ដម ឈីវ លីម ទីប្រឹក្សាអាជ្ញាធរមីន និងជាប្រធាន នាយកដ្ឋានផែនការ សេដ្ឋកិច្ច-សង្គម និងគ្រប់គ្រងទិន្នន័យនៃអាជ្ញាធរមីន។
កិច្ចប្រជុំមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន ប្រធាន ការិយាល័យជំនាញនៃអគ្គលេខាធិការអាជ្ញាធរមីន លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក មេឃុំ ពាក់ព័ន្ធ លោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ លោកនាយក ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកតំណាងប្រតិបត្តិការដោះមីន តំណាង អង្គការ មិនមែនរដ្ឋាភិបាលដែលធ្វើប្រតិបត្តិការក្នុងខេត្ត និងក្រុម ការងារផែនការសកម្មភាពកំចាត់មីនខេត្ត សរុបប្រមាណ ៥០រូប។
ខ្លឹមសារបទបង្ហាញដែលបានផ្សព្វផ្សាយរួមមាន ៖ ផែនការ
យុទ្ធសាស្ត្រជាតិសកម្មភាពមីន (NMAS) , តួនាទី ភារកិច្ច របស់អាជ្ញាធរមីន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹង សកម្មភាពមីន, ដំណើរការរៀបចំផែនការសកម្មភាពមីន ក្នុងកម្មវិធី អភិវឌ្ឍន៍ឃុំ សង្កាត់ ស្រុក ក្រុង រាជធានី ខេត្ត និងផ្សព្វផ្សាយសារាចរ ណែនាំលេខ ០៥ របស់រាជរដ្ឋាភិបាលស្ដីពីការពង្រឹងការងារគ្រប់គ្រង សកម្មភាពមីន។