ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅសាលានយោបាយខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបុណ្យបង្សុកូល និងគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សខេត្ត លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការនិមន្ត និងចូលរួមពីព្រះសង្ឃ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ យាយជី ហាកឹមទួន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនគណបក្ស យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។
ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានអានសារលិខិតចូលរួមរំលែកមរណទុក្ខ ក្នុងក្ដីសោកសង្រេង ខ្សឹកខ្សួល រំជួលចិត្តឥតឧបមា និងអាឡោះអាល័យជាទីបំផុតចំពោះមរណភាពរបស់សម្ដេចប្រធាន ប្រមុខថ្នាក់ដឹកនាំគណបក្ស អតីតប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៣:៤៥នាទីរសៀល ដោយជរាពាធ។ សម្ដេចគឺជាវីរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាគ្រប់បែបយ៉ាងក្នុងដំណើររំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានការពារ កសាង អភិវឌ្ឍប្រទេសជាតិឲ្យសម្បូណ៌សប្បាយ រុងរឿងមកដល់បច្ចុប្បន្ននេះ។
នៅចុងបញ្ចប់នៃពិធីបុណ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៨៣អង្គ ដើម្បីឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃយើងទាំងអស់គ្នា ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសម្ដេច សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។