លោកដោកប៊ុនថុនប្រធានមន្ទីរធនធានទឹក សំណូមពរដល់កសិករក្នុងខេត្តកំពង់ឆ្នាំងធ្វើស្រែប្រាំងអោយទាន់រដូវ ខណៈទឹកទន្លេឡើងធំជាងឆ្នាំមុន


កំពង់ឆ្នាំង៖សំណូមអោយប្រជាកសិករទាំងអស់ក្នុងខេត្តយកចិត្តទុក
ដាក់ធ្វើស្រែប្រាំងអោយទាន់រដូវ ព្រោះឆ្នាំនេះទឹកទន្លេបានអំណោយ


ផលជាងឆ្នាំមុន និងបានជួយរក្សាទុកទឹកនៅតាមអាងស្តុកទឹកនានា
បានល្អសំរាប់ការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះ ។ លោក ដោក ប៊ុនថុន
ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនៅរសៀល
ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ នៅពេលលោកចុះទៅពិនិត្យមើល
អាងស្តុកទឹកទាំង៩នៅក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ដែលជាឃុំមាន
ដីស្រែប្រាំងច្រើនជាងគេនៅក្នុងខេត្ត និងធ្លាប់បានប្រឈមការខ្វះ
ទឹកធ្វើស្រែប្រាំងខ្លាំងក្នុងឆ្នាំ២០១៥កន្លងមក។

លោក ដោក ប៊ុនថុន បានបន្តថា៖ គិតមកដល់ថ្ងៃទី០៣ ខែតុលា
ឆ្នាំ២០១៦នេះ ទឹកទន្លេបានហក់ឡើងខ្ពស់ជាងឆ្នាំ២០១៥ ប្រមាណ
ជាង១ម៉ែត្រ ដែលធ្វើអោយអាងស្តុកទឹកទន្លេមួយចំនួនមានទឹកហូរ
ចូល និងមួយចំនួនទៀតមិនទាន់មានទឹកហូរចូល។ ដោយឡែកនៅ
ក្នុងឃុំកោះថ្កូវ ស្រុកជលគីរីវិញ មានដីស្រែប្រាំងច្រើនជាងគេនៅក្នុង
ខេត្ត គឺមានរហូតដល់២.៥០០ហិកតា និងមានអាងស្តុកទឹកចំនួន៩
ដែលអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងបាន ប៉ុន្តែអាងស្តុកទឹកមួយ
ចំនួនមានទឹកហូរចូលប្រមាណពី៦០ទៅ៨០%ហើយ និងអាងមួយ
ចំនួនទៀតទឹកទើបតែហូរចូលប្រមាណ៣០%ប៉ុតែណ្ណោះ។ រហូតមក
ដល់ថ្ងៃនេះ ទោះបីទឹកមិនទាន់ហូរចូលក្នុងអាងក៍ដោយ មន្ទីរធនធាន
ទឹកខេត្តបានបញ្ជូនម៉ាស៊ីនបូមទឹកចំនួន២គ្រឿង បូមទឹកទន្លេបញ្ជូល
ទុកក្នុងអាង និងត្រូវបញ្ជូនម៉ាស៊ីនបូមទឹកជាបន្តបន្ទាប់ទៀត ប្រសិន
បើទឹកទន្លេមិនបន្តហក់ឡើងថែមទៀតទេនោះ។

លោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ក៍បានអំពាវនាវ
និងសំណូមពរដល់ប្រជាកសិករ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូល
រួមជួយថែរក្សាទឹកទុកក្នុងអាងធម្មជាតិទាំងអស់ មិនថាទឹកទន្លេ ឬទឹក
ភ្លៀងនោះឡើយ ដើម្បីកុំអោយមានការខ្វះខាតនារដូវប្រាំងឆ្នាំនេះ ជា
ពិសេសនៅតាមអាងស្តុករបស់ធារាសាស្រ្តនានាក្នុងខេត្ត សូមកុំបើក
ទឹកបង្ហូរចោលខ្ជះខ្ជាយ គឺត្រូវពិនិត្យ និងរក្សាកំពស់ទឹកសំរាប់ប្រើប្រាស់
នៅក្នុងរដូវប្រាំងឆ្នាំនេះកុំអោយខ្វះខាត។

លោក ចិន ផាន់ណា មេឃុំកោះថ្កូវបានអោយដឹងថា៖ នៅក្នុងឆ្នាំ
២០១៥ កន្លងមកនៅក្នុងឃុំកោះថ្កូវបានប្រឈមទៅនឹងការខ្វះខាតទឹក
ធ្វើស្រែប្រាំងខ្លាំង តែបានក្រសួង និងមន្ទីរធនធានទឹកខេត្ត ជាពិសេស
ប្រមុខរាជរដ្ឋាភិបាល បានដាក់ម៉ាស៊ីនបូមទឹក និងជួយប្រេងម៉ាស៊ូតបូម
ទឹកទន្លេបញ្ចូលអាង ទើបប្រជាកសិករអាចធ្វើស្រែប្រាំងបានគ្រប់ចំនួន។
ប៉ុន្តែនៅក្នុងឆ្នាំនេះ ទោះបីមានទឹកទន្លេហូរចូលក្នុងអាងស្តុកទឹកបាន
ខ្លះក៍ដោយ ក៍លោកនៅតែជំរុញអោយប្រជាកសិករនាំគ្នាជួយសហការ
ទប់ទឹកភ្លៀងទុក និងថែរក្សាទឹកអោយបានច្រើនក្នុងអាង សំរាប់ការ
បង្កបង្កើនផលស្រែប្រាំងចំនួន២៥០០ហិកតានៅក្នុងឃុំកោះថ្កូវកុំអោយខ្វះ៕

vannak

DSC08497 DSC08498 DSC08499 DSC08500