សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់របស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ បានអញ្ជើញជួបសំណេះសំណាលក្នុងពិធីដាំកូនឈើគគី បេង និងក្រញូងចំនួន១០០ដើម និងប្រគល់ស្រះទឹក១កន្លែង មានទទឹង៣០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ និងជំរៅ៣ម៉ែត្រ នៅក្នុងបរិវេណវត្តកំពង់អួរ ស្ថិតនៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចម៉ែ សំរាប់ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់។ចូលរួមក្នុងពិធីនោះមាន ឯកឧត្តមគុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងឯកឧត្តមសៀត គឹមលៀង អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ក្រសួងព្រះបរមរាជវាំង អាជ្ញាធរដែនដី ស.ស.យ.កខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ២៧៩នាក់ ដែលពិធីនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថៃ្ងទី២០ ខែសីហា ឆ្នាំ២០១៦។
ឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ស្រះទឹកដែលជាព្រះរាជអំណោយរបស់ សម្តេចឪ សម្តេចម៉ែ សំរាប់ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជា សម្បត្តិសាធារណៈ។ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា៖តាងនាមអោយប្រជាពលរដ្ឋភូមិកំពង់អួរឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលបានចូលរួមទទួលស្រះទឹក សូមថ្លែងព្រះរាជអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចម៉ែ ដែលជានិច្ចកាលទ្រង់តែងតែយកព្រះទ័យទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជារាស្រ្តរបស់ព្រះអង្គ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណាជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ ដល់ប្រជារាស្រ្តដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គដែលបានចូលរួមនៅក្នុងពិធីនោះ ក៏ដូចជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូលដោយក្តីនឹករលឹកពីព្រះអង្គជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចចៅហ្វាវាំង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។
ក្នុងឱកាសនោះ សម្តេច ក៏បានជំរុញអោយ ក្រុមការងារ និងអាជ្ញាធរដែនដីធ្វើការសិក្សាដើម្បីជួសជុលផ្លូវលំចាប់ពីផ្លូវជាតិលេខ៥ដល់ វត្តកំពង់អួរ នៅពេលរដូវប្រាំងខាងមុខនេះជូនប្រជាពលរដ្ឋដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ រួមនឹងដឹកកសិផលផ្សេងៗផងដែរ។
នៅចុងបញ្ចប់ សម្តេចបានប្រគេនបច្ច័យសំរាប់កសាងសមិទ្ធផលនានាក្នុងវត្តកំពង់អួរ ១លានរៀល ប្រគេនចៅអធិការ១០ម៉ឺនស្លាដក១ ភិក្ខុសាមណេរ៧អង្គ ១អង្គស្លាដក១បច្ច័យ៥ម៉ឺនរៀ ស.ស.យ.ក១៤នាក់ម្នាក់ៗសារុង១ថវិកា១ម៉ឺនរៀល សិស្សានុសិស្ស១២០នាក់ម្នាក់ៗ៥ពាន់រៀល លោកគ្រូ៣នាក់ម្នាក់ៗសារុង១ និងថវិកា១ម៉ឺនរៀល និងប្រពលរដ្ឋចូលរួម១៥០នាក់ ម្នាក់ៗទទួលបានសារុង១ និងថវិកា១ម៉ឺនរៀលនិងបានចូលរួមដាំកូនឈើ១០០ដើមនៅជុំវិញស្រះទឹកផងដែរ៕