កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ឆ្នាំ២០១៦ បានប្រារព្ធឡើង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ បានប្រព្រឹត្ដិទៅក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តលោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទូទាំងខេត្តផងដែរ។
អង្គប្រជុំបានពិភាក្សាផ្តោតលើចំណុចខ្លាំង បញ្ហាប្រឈម និងវិធានការណ៍ជាក់ស្តែងសំខាន់ៗរួមមាន៖ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងដែនដីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ម្ចាស់ការថែររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព និងការអភិវឌ្ឍដែលមាននិរន្តរភាពគ្រប់ជ្រុងជ្រោយ ពង្រឹងការផ្តល់សេវាសាធារណៈស្របតាមគោលការណ៍ណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាល ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុង ស្រុក ស្របតាមការកំណត់ច្បាប់ ប្រកបដោយប្រសិទ្ធភាព ជំរុញការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់ យកចិត្តទុកដាក់ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា ។ការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ផ្តោតលើបញ្ហាសំខាន់ៗរួមមាន៖ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានលើការពង្រឹងសន្តិសុខជាតិ សន្តិសុខនយោបាយ និងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព វិធានការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់បង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ជួញដូរផ្លូវភេទ បង្ការអគ្គីភ័យ បង្ការនិងទប់ស្កាត់ការញុះញង់ភូតកុហកបោកប្រាស់ បំផ្លើសការពិតរបស់ជនអគតិដែលមានគំនិតប្រឆាំងនឹងរាជរដ្ឋាភិបាល។
ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តបានផ្តាំផ្ញើដល់សមាជិក សមាជិកាអង្គប្រជុំថា៖នៅក្នុងទិសដៅអនុវត្តរដ្ឋបាលខេត្តត្រូវដាក់បញ្ចូលនូវទិសដៅអភិវឌ្ឍន៍ធនធានមនុស្សនៅតាមមន្ទីរអង្គភាពនានាដើម្បីបន្តវេនពីមន្ត្រីដែលត្រូវចូលនិវត្តន៍។ នេះគឺជាបញ្ហា គន្លឹះយ៉ាងសំខាន់ដែលត្រូវបណ្តុះបណ្តាលពីពេលនេះតទៅ ដើម្បីអោយមន្ទីរអង្គភាពជុំវិញខេត្ត មានធនធានមនុស្សធ្វើការងារគ្រប់គ្រាន់សំរេចបានតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលក៏បានជំរុញអោយថ្នាក់ដឹកនាំទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបអោយបានរាល់បទល្មើសដែលកើតមានឡើង។លើកទឹកចិត្ត និងជំរុញ ចលនាប្រជាការពារមូលដ្ឋាន ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយសមត្ថកិច្ច។យកចិត្តទុកដាក់ដល់ការងារយេនឌ័រទាំងស្ត្រី និងកុមារ កាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់អោយពួកគាត់មានការងារធ្វើនៅក្នុងមូលដ្ឋាន។ទន្ទឹមនោះដែរ រដ្ឋបាលក្រុង ស្រុក ត្រូវហ៊ានទទួលខុសត្រូវចំពោះមន្ត្រីអសកម្មទាំងឡាយដែលប្រព្រឹត្តខុសច្បាប់ដោយហ៊ានដាក់ទោសទណ្ឌ និងហ៊ានលើកសរសើរចំពោះមន្ត្រីសកម្មការងារ។កត្តាសំខាន់គ្រប់អង្គភាពត្រូវសំរេចអោយបានជោគជ័យតាមទិសដៅផែនការសកម្មភាពរបស់ខ្លួន របស់រដ្ឋបាលខេត្តនិងក្រសួងសាម៉ីដែលបានដាក់អោយអនុវត្តឆ្នាំ២០១៦នេះ៕