ដំណើរ​បំពេញ​បេសកកម្ម​គណៈកម្មការ​ទី៤​នៃ​រដ្ឋសភា​ នៅ​ខេត្ត​កំពង់​ឆ្នាំង


កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសារធារណៈ នៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្ដម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញមកបំពេញបេសកកម្ម នៅខេត្ត កំពង់ឆ្នាំង ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

 

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុកក្នុងខេត្តកំពង់ឆ្នាំងក៏បានអញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរបេសកកម្មគណៈកម្មការទី៤ នៃរដ្ឋសភានាថ្ងៃនោះ។

 

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានថ្លែងរាយការណ៍ជូនឯកឧត្តមប្រធានថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ និងនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិមានសន្ដិភាពពេញលេញ មានស្ថេរភាព មានសន្ដិសុខសណ្ដាប់ធ្នាប់ មានការគោរពសិទ្ធិមនុស្ស មិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ពណ៌សម្បុរ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ។ ក្នុងនោះ ខេត្ត កំពង់ឆ្នាំងក៏បានបន្ដអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅគ្រប់ឃុំ សង្កាត់ ដែលជាលទ្ធផលនៅឆ្នាំ២០១៥ នៅទូទាំងខេត្ត សង្កាត់ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន៥៩/៥០ ឃុំ សង្កាត់ចំណាត់លេខ២ ចំនួន៩/១៦ និងចំណាត់លេខ៣ ចំនួន១/២ ឃុំ សង្កាត់។ ដូចគ្នានេះផងដែរ ខេត្តកំពង់ឆ្នាំងក៏អនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដោយមានការណែនាំពីរដ្ឋាភិបាលដូចជាក្រសួងមហាផ្ទៃ តាមរយៈអនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិនានាផងដែរ។

 

ឆ្លៀតក្នុងឪកាសនោះឯកឧត្តមអភិបាលបានគោរពរាយការណ៍ជូនបន្ថែមទៀតអំពីការអនុវត្តផែនការស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេនៃក្រុងកំពង់ឆ្នាំងរយៈពេល៥ឆ្នាំ (២០១៥-២០១៩) ដែលគណៈកម្មការចម្រុះខេត្ត បានកំពុងអនុវត្តតាមផែនការជាជំហានៗ ហើយប្រជាពលរដ្ឋភាគច្រើនយល់ និងស្ម័គ្រចិត្តចូលរួមអនុវត្ត តាមផែនការដែល តម្រូវឲ្យឡើងមករស់នៅលើគោកវិញ ធ្វើឲ្យមតិប្រជាពលរដ្ឋទូទៅមានការសាទរ និងគាំទ្រក្នុងកិច្ចដំណើរការនេះ។ ឯកឧត្តម ក៏បានលើកឡើងពីបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការអនុវត្តនោះហើយខេត្តក៏នៅតែបន្ដរកវិធានការណ៍ដោះស្រាយនិងពិនិត្យតាមដានជាប្រចាំ។

 

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានថ្លែងនូវការកោតសរសើរស្ដីពីសមិទ្ធផលនានារបស់ខេត្ត ដែលមានឯកឧត្តមអភិបាលជាប្រមុខដឹកនាំនិងបានសំណូមពរឲ្យខិតខំប្រឹងប្រែងបន្ដអនុត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តឲ្យមានប្រសិទ្ធភាពចំពោះគោលនយោបាយប្រតិភូកម្មអំណាច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបន្ដដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

1

2

3

4

5

6

7

8

9

10

11

12