កំពង់ឆ្នាំង ៖ យុវជនយុវនារីមកពី១១ឃុំក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងចំនួន៤៦៣រូប ស្រី២១០រូប បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម គុយ សុផល ឯកឧត្ដម ឈា ហន ឯកឧត្ដម លោកជំទាវ សមាជិកសមាជិកាក្រុមការងារថ្នាក់កណ្តាល ឯកឧត្ដម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងមកពីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងសមាជិកសមាជិកាថ្មីសរុបចំនួន៦៤៩នាក់។
បន្ទាប់ពីតំណាងសមាជិកគណបក្សថ្មីទាំង៤៦៣រូប បានឡើងអានពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា រួចមក លោក សូរ សារ៉េត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ បានអានសេចក្តីសំរេចលេខ ៣៩៩/០១៥ ចុះថៃ្ងទី១១ខែសីហាឆ្នាំ២០១៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ សំរេចបញ្ចូលសមាជិកសមាជិកាថ្មីយុវជនយុវនារីចំនួន៤៦៣រូប ស្រី២១០រូប។
បន្ទាប់មកតំណាងសមាជិកថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១.ខិតខំអភិវឌ្ឍន៍អប់រំសមត្ថភាពខ្លួនអោយក្លាយទៅជាកំលាំងពិតរបស់គណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ, ២.សាមគ្គីភាពផ្ទៃក្នុងបក្សអោយបានល្អនិងទំនាកទំនងល្អជាមួយមជ្ឈដ្ឋាននានាក្នុងសង្គមដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស, ៣.គាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិដើម្បីដឹកនាំនាវាកម្ពុជាអោយមានសុខសន្តិភាពនិងការអភិវឌ្ឍនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានថែ្លងថា៖ក្មួយៗទាំងអស់ពិតជាបានយល់ច្បាស់ពីគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងដើម្បីប្រជាជន ដែលកន្លងមកគ្រប់អាណត្តិ គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជន បោះឆ្នោតគាំទ្រជានិច្ច ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ក្មួយៗទាំងអស់ សុទ្ធតែមានសមត្ថភាពពិតៗ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេ សជាតិ ជាស្នូលដ៏សំខាន់នៅក្នុងមូលដ្ឋាន ដើម្បីអោយមូលដ្ឋាន រឹងមាំរីកចម្រើន ។
សម្តេចចៅហ្វាវាំងបានមានប្រសាសន៍បន្តទៀតថា៖ គណបក្សប្រជាជនគឺជាគណបក្សតែមួយគត់ដែលបានរំដោះប្រទេសជាតិ ប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោមនយោបាយឈ្នះៗរបស់សម្ដេចតេជោហ៊ុនសែន ប្រទេសជាតិមានការបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ មានសុខសន្តិភាពពេញលេញ ប្រទេសជាតិមានការរីកចម្រើនជាលំដាប់។
សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានផ្តាំផ្ញើផងដែរដល់សមាជិកបក្សទាំងអស់ ត្រូវរឹតចំណងសាមគ្គីផ្ទៃក្នុងបក្សអោយបានរឹងមាំ ត្រូវចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស អោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីអោយពួកគាត់បានយល់ច្បាស់ និងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ៕