នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យយុវសិស្សនៃសាលារៀនអន្តរជាតិហ្សាម៉ាន់ ចំនួន ១៧រូប ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នៅវិមានសនិ្តភាព បន្ទាប់ពីក្រុមយុវសិស្សចំនួន ៩រូប បានទទួលមេដាយមាស ២នាក់ ប្រាក់ ៤នាក់ និងសំរិទ្ធ ៣នាក់ ពីការចូលរួមប្រកួតប្រជែងសរសេរគម្រោង ក្នុងក្របខណ្ឌសាលាអន្តរជាតិ កម្រិតវិទ្យាល័យលើ ប្រធានបទបរិស្ថាន «Genius Olympiad 2015» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១៤-១៩ ខែមិថុនា ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យរដ្ឋទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ដើម្បីជាការលើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់ដល់យុវសិស្សទទួលមេដាយដូចជា ៖
- មេដាយមាស ២នាក់ ម្នាក់ៗចំនួន ៣០០០ដុល្លារ និងក្រសួងអប់រំ ផ្តល់ចំនួន ៤លានរៀល
- មេដាយប្រាក់ចំនួន ៤នាក់ ម្នាក់ៗចំនួន ២០០០ដុល្លារ និងក្រសួងអប់រំ ៣,៥លានរៀល
- មេដាយសំរិទ្ធ ចំនួន ៣នាក់ ម្នាក់ៗទទួលបានប្រាក់ ១០០០ដុល្លារ និងក្រសួងអប់រំ ៣លានរៀល។
សូមបញ្ជាក់ថា ការប្រឡងប្រជែងសរសេរគម្រោង ក្នុងក្របខណ្ឌសាលាអន្តរជាតិ កម្រិតវិទ្យាល័យលើ ប្រធានបទបរិស្ថាន «Genius Olympiad 2015» ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមតាំងពីឆ្នាំ២០១១ ក្នុងនោះគឺជ្រើសរើសយុវសិស្ស ដែលមានអាយុចាប់ពី ១៤-១៨ឆ្នាំ ទូទាំងពិភពលោកចូលទៅប្រឡងនៅក្នុងសាកលវិទ្យាល័យ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ហើយការប្រឡងធ្វើឡើងរៀងរាល់សប្ដាហ៍ទី៣ នៃខែមិថុនា ៕