កម្ពុជាទទួលចំណាត់ថ្នាក់ខ្ពស់នៃប្រាក់ចំណូលក្នុងចំណោម CLMV


9_7

ភ្នំពេញ: កម្ពុជាបានទទួលចំណាត់ថ្នាក់នាំមុខចំពោះការត្រៀមខ្លួនអភិវឌ្ឍក្នុងចំណោមប្រទេសដែលមានចំណូលទាបកម្រិតមធ្យមទាំងបួននៅអាស៊ីអាគ្នេយ៍ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា (CLVM)។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ត្រៀមខ្លួនផ្លាស់ប្តូរដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះដោយក្រុមហ៊ុន KPMG ដែលជាក្រុមហ៊ុនសវនកម្មអន្តរជាតិមួយ។

ក្នុងចំណោមប្រទេសចំនួន ១២៧ ក្នុងការអង្កេតនេះ កម្ពុជា ជាប់ក្នុងចំណាត់ថ្នាក់កំពូល ៥០ នៅក្នុង សន្ទស្សន៍ត្រៀមខ្លួនផ្លាស់ប្តូរ ពោលគឺជាចំណាត់ថ្នាក់នាំមុខមួយក្នុងចំណោមប្រទេសមានប្រាក់ចំណូលទាបកម្រិតមធ្យម បន្ទាប់មកប្រទេសមីយ៉ាន់ម៉ា ដែលបានជាប់ចំណាត់ថ្នាក់ទី ៩៧ និងវៀតណាមជាប់ចំណាត់ថ្នាក់ទី ៩៨ និងឡាវ ជាប់ចំណាត់ថ្នាក់ទី ១១៥។

ចំណាត់ថ្នាក់នេះត្រូវបានកំណត់ដោយពិន្ទុរបស់ប្រទេសនីមួយៗស្តីពីសមត្ថភាពសហគ្រាស សមត្ថភាពរដ្ឋាភិបាលស្តីពីបរិយាកាសធុរកិច្ចនៅប្រទេសមួយ មានដូចជា ចក្ខុវិស័យសារពើពន្ធ ច្បាប់ សន្តិសុខ មនុស្សនិងសមត្ថភាពសង្គមស៊ីវិល គ្រឹះស្ថានសង្គមស៊ីវិល កម្រិតកំណើន វិស័យអប់រំ លទ្ធភាពទទួលបានសេវាសុខាភិបាល និងប្រើប្រាស់បច្ចេកវិទ្យា។

កម្ពុជាទទួលបានចំណាត់ថ្នាក់ទី៣៤ផ្នែកសមត្ថភាពសហគ្រាស ចំណាត់ថ្នាក់ទី ៥១ ផ្នែកសមត្ថភាពរដ្ឋាភិបាល និងចំណាត់ថ្នាក់ទី៦៩ ផ្នែកសមត្ថភាពមនុស្ស និងសង្គមស៊ីវិល ធៀបនឹងប្រទេសចំនួន ១២៧ មកពីជុំវិញពិភពលោក។

របាយការណ៍នេះ បានបន្តឲ្យដឹងទៀតថា៖«ប្រទេសនានា ដែលមានពិន្ទុត្រៀមខ្លួនផ្លាស់ប្តូរខ្ពស់ជាងការរំពឹងទុកដោយផ្អែកលើចំណូលសរុបក្នុងមនុស្សម្នាក់ៗ មានប្រទេសម៉ូហ្សំប៊ិក ប្រទេសរ្វ៉ាន់ដា ប្រទេសអ៊ូហ្គង់ដា និងកម្ពុជា»។

របាយការណ៍នេះបានសរសេរថា៖ «កម្ពុជានាំមុខប្រទេសមានប្រាក់ចំណូលទាបនានា ដោយខ្ពស់ជាង ១៥ចំណាត់ថ្នាក់ធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតារាង។ សមិទ្ធផលនេះគឺទទួលបានជាចម្បងដោយសារចំណាត់ថ្នាក់ទី ៣៤ នៃសសរស្តុម្ភសហគ្រាស ដោយមានចំណាត់ថ្នាក់ទី៤ ក្នុងអនុសន្ទស្សន៍ពិពិធកម្មសេដ្ឋកិច្ច និងចំណាត់ថ្នាក់ទី១ នៅក្នុងសន្ទស្សន៍វិស័យក្រៅផ្លូវការ។ កម្ពុជាអាចនឹងក្លាយជាប្រទេសថ្មីមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្លាំងនៅអាស៊ី ដោយផ្លាស់ប្តូរពីប្រទេសមានប្រាក់ចំណូលទាបទៅជាទីផ្សារកំពុងលូតលាស់ខ្លាំង។

ទោះជាវៀតណាម និងឡាវមិនត្រូវបានផ្តល់ព័ត៌មានលម្អិតក្នុងរបាយការណ៍នេះក្តី ក៏អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺចំណាត់ថ្នាក់របស់មីយ៉ាន់ម៉ាបានធ្លាក់ចុះពី៥២ ទល់៧២ក្នុងសន្ទស្សន័ CRI កាលពីឆ្នាំ២០១៣។

លោក Trevor Davies នាយកប្រតិបត្តិ IDAS Center of Excellence នៃក្រុមហ៊ុន KPMG International ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រ Consultant News ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កថា៖ «ប្រទេសផ្សេងទៀត ដូចជា កម្ពុជា និងរ៉្វាន់ដា បង្ហាញពីវឌ្ឍនភាពក្នុងវិស័យនានា ដែលសម្រេចបានតាមរយៈកិច្ចប្រឹងប្រែងរបស់សហគមន៍អភិវឌ្ឍន៍សកលលោក ធ្វើការងារទាក់ទងនឹងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរដោយវិជ្ជមានប្រកបដោយប្រសិទ្ធភាព»។

លោក ស្រី ចន្ឋី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានឲ្យដឹងដែរថា ចំពោះភាពនាំមុខគេរបស់កម្ពុជាធៀបទៅបណ្តា CLMV គឺបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលកំណែទម្រង់របស់រដ្ឋាភិបាលនាពេលកន្លងមក។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ កាលពីម្សិលមិញបានស្វាគមន៍ចំពោះចំណាត់ថ្នាក់ល្អដែលកម្ពុជាបាននាំមុខគេក្នុងចំណោមប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម ដោយបានលើកឡើងថា ចំណាត់ថ្នាក់នេះនឹងជួយលើកទឹកចិត្តដល់ការងារកំណែទម្រង់បន្ថែមនិងការធ្វើពិពិធកម្ម សេដ្ឋកិច្ចបន្ថែមទៀតពីរដ្ឋាភិបាល តែបាននិយាយថា កម្រិតត្រៀមខ្លួនរបស់កម្ពុជាដើម្បីឈានទៅជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមនៅមានកម្រិត។

លោកថា៖ «យន្តការនឹងរៀបចំសម្រាប់សេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចមានប្រាក់ចំណូលមធ្យមនៅមានកម្រិត។ ធៀបនឹងប្រទេសវៀតណាម បើទោះបីជាបានទទួលចំណោមថ្នាក់ទាបជាងកម្ពុជា តែសេដ្ឋកិច្ចវៀតណាមមានរចនាសម្ព័ន្ធរឹងមាំជាងកម្ពុជា»។

យោងតាមរបាយការណ៍យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រដ្ឋាភិបាលឲ្យដឹងថា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ៨ភាគរយក្នុងមួយឆ្នាំដែលអាចជួយកាត់បន្ថយនូវអត្រាភាពក្រីក្របានប្រមាណ២ភាគរយក្នុងមួយឆ្នាំ។

របាយការណ៍នេះសរសេរថា៖ «ដើម្បីបន្តធានាឲ្យបាននូវចីរភាព និងវឌ្ឍនភាពទាំងនេះ ក្នុងទិសដៅប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ [ចំណូលក្នុងមនុស្សម្នាក់ៗមានប្រមាណ ៤០០០ ទៅ ៥០០០ ដុល្លារ]»

កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី ២៦ មិថុនា ២០១៥

AjCfoPJOZaCI0HalO0KZYV3frUpSjsHWB5ApiDSp6Fsa